សន្ដិសុខសង្គម

ដាក់គុកឃាតកស៊ីឈ្នួលសម្លាប់មនុស្ស និងស្ត្រីជាប្រពន្ធអ្នកស្លាប់

កណ្តាល៖តុលាការខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៧ ខែមករា បានសម្រេចឃុំខ្លួនស្ត្រីជាប្រពន្​ធជនរងគ្រោះនិងឃាតកស៊ីឈ្នួលសម្លាប់មនុស្សដាក់ពន្ធនាគារបណ្តោះអាសន្ន។

សមត្ថកិច្ចបានឱ្យដឹងថា​ ស្ដ្រីឈ្មោះសាន់ ធីតា អាយុ៣១ឆ្នាំ អ្នកអ៊ុតសក់ ជាប្រពន្ធអ្នកស្លាប់​នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលបានជួលឃាតក​ឱ្យសម្លាប់ប្ដីខ្លួនឯង​និងជនសង្ស័យឈ្មោះ ធួក រ៉ាវី អាយុ៣៣ឆ្នាំ​ ត្រូវតុលាការដាក់ពន្ធនាគារក្រោមបទចោទ​ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ សាន់ ធីតា ជាប្រពន្ធជនរងគ្រោះឈ្មោះ ខឹម ផល្លី អាយុ៣៣ឆ្នាំ។កាលពីល្ងាចថ្ងៃទី១៣ ខែមករា ស្ត្រីជាថៅកែឃាតករូបនេះបានរៀបចំគម្រោង​​​សម្លាប់ប្តីដោយជួលឃាតក ឈ្មោះធួក រ៉ាវី ជាអ្នកបើករថយន្តក្រឡុកស៊ីម៉ងត៍ នៅភូមិសំបួរ ខណ្ឌដង្កោ​ ក្នុងតម្លៃ១.០០០ដុល្លារ។ក្រោយសម្លាប់ប្ដីខ្លួនឯងរួច ពួកគេក៏យកសពដាក់ក្នុងរថយន្តកាមរីទៅទម្លាក់ចោលក្នុងប្រឡាយទឹក​មួយកន្លែង​នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមការស្រាវជ្រាវនៃកម្លាំងនគរបាលក្រសួងមហាផ្ទៃ ជាមួយនគរបាលភ្នំពេញនិងនគរបាល​ខេត្តកណ្ដាល ក៏ឈានដល់ការចាប់ខ្លួនឃាតកនិងស្ត្រីផ្តើមគំនិតនៅថ្ងៃទី១៥ ខែមករា។ចម្លើយសារភាពរបស់ស្ត្រីឈ្មោះសាន់ ធីតា ជាមេខ្លោងនិងជាប្រពន្ធជនរងគ្រោះបាននិយាយថា មូលហេតុប្តីដើរលេងចោលផ្ទះ២ទៅ៣ថ្ងៃទើបចូលផ្ទះម្ដង។ពេលមកដល់ផ្ទះយប់ជ្រៅរករឿងវ៉ៃខ្លួនរហូត ទើបជួលឃាតកឱ្យសម្លាប់ដោយឆក់ខ្សែភ្លើងនិងវាយសម្លាប់តែម្ដង។

តាមបញ្ញត្តិនៃច្បាប់ខាងលើ ករណីឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕ដោយ៖វិចិត្រ