សន្ដិសុខសង្គម

ចាប់ឆ្កែប្រុងយកធ្វើម្ហូបក្លែមស្រាត្រូវឆ្កែខាំ ប្រកាច់ដឹកទៅពេទ្យបន្ទាន់

ភ្នំពេញ​៖​បុរសម្នាក់ស្រវឹងស្រាបានចាប់ឆ្កែប្រុងយកធ្វើម្ហូបក្លែមបន្ត តែត្រូវឆ្កែហក់មកខាំបណ្តាលឱ្យ ប្រកាច់ពេញដី ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រាះសឹងមិនទាន់។ហេតុការណ៍​មិនគួរកើតឡើងនេះ​នៅភូមិពុទ្ទ្រា សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ ​កាលពីយប់ថ្ងៃទី១៧។

អ្នកភូមិបានឱ្យដឹងថា បុរសជើងខ្លាំងត្រូវឆ្កែខាំឱ្យប្រកាច់នោះឈ្មោះសាក់​ ផាន់ណារ៉ា​ អាយុ២២ឆ្នាំ​ ស្នាក់នៅភូមិ សង្កាត់ខាងលើ។

ប្រភពដដែលបានបន្តថា​ បុរសខាងលើត្រូវឆ្កែខាំចំនួន៣ដងមកហើយ តែមិនដែលបានទៅមន្ទីរពេទ្យ ចាក់ថ្នាំការពារម្តងណាទេ។​ រហូតមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹង នឹកខឹងឆ្កែរបស់ខ្លួន ដែលធ្លាប់ខាំកន្លងមកនោះក៏ដើរទៅចាប់បំណងវាយសម្លាប់ហើយកាប់ធ្វើម្ហូបដើម្បីក្លែមស្រាបន្តទៀត​។

ពេលចូលចាប់ក៏ត្រូវឆ្កែហក់មកខាំបណ្តាលឱ្យមនុស្សប្រកាច់លើដី ត្រូវបានក្រុមកងពលតូចលេខ៧០ ចេញរថយន្តមកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ។ចំណែកឆ្កែកំណាចនោះត្រូវ ប្រជាពលរដ្ឋនាំគ្នាដេញវាយសម្លាប់ចោល ចៀសវាងខាំអ្នកភូមិបន្តទៀត៕ដោយ៖វិចិត្រ