អន្តរជាតិ

អ៊ុយក្រែនបញ្ជូនដ្រូនយោធា៨៣គ្រឿង និងស្ថានីយផ្កាយរណប Starlinks រាប់​សិប​គ្រឿង​ទៅខ្សែបន្ទាត់ជួរមុខ Bakhmut

ឆ្លើយតបចំពោះស្ថានភាពតានតឹងខ្លាំង អ៊ុយក្រែនបានបញ្ជូនកូនដ្រូនយោធាជាង៨០គ្រឿង ព្រមទាំងស្ថានីយផ្កាយរណប Starlinks រាប់សិបគ្រឿងទៅកាន់ខ្សែបន្ទាត់ជួរមុខតំបន់ Bakhmut។

តាមការដកស្រង់ក្នុងបណ្តាញតេលេក្រាមរបស់ រដ្ឋមន្ត្រីទទួលបន្ទុកខាងឌីជីថលអ៊ុយក្រែន លោក Mykhailo Fedorov បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ដ្រូនយោធាចំនួន ៨៣ គ្រឿង រួមមានស៊េរីដូចជា Mavic, Matrice, និង Autel ដែលបានមកពីយុទ្ធនាការរៃអង្គាសប្រាក់ដែលគ្រប់គ្រងដោយរដ្ឋអ៊ុយក្រែន នឹងត្រូវបញ្ជូនទៅកាន់តំបន់ Bakhmut ភាគខាងកើតនៃខេត្តដូណេត ដើម្បីធ្វើជាភ្នែក និងជំនួយការ​របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ បន្ថែមពីនេះ ស្ថានីយផ្កាយរណប Starlinks សម្រាប់ចាប់​រលកសេវាអ៊ីនធើណេតរាប់សិបគ្រឿងទៀតក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​នោះ​ដែរ។

លោក Fedorov បានសង្កត់ធ្ងន់ថា ឧបករណ៍យោធា និងឧបករណ៍ទំនាក់ទំនងតាមផ្កាយរណប គឺមានសារសំខាន់ជាងពេលណាៗទាំងអស់ និងជាវិធីសាស្រ្តល្អបំផុតមួយនៅក្នុងតំបន់នៃជួរមុខ ខណៈការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតទាំងនៅ Bakhmut ផ្ទាល់ និងទីក្រុងរ៉ែអំបិល Soledar ក្បែរគ្នានោះកំពុងបន្ត។ ជាពិសេសនៅថ្ងៃទី ១៦ ខែមករា កងកម្លាំងប្រដាប់អាវុធរបស់​អ៊ុយក្រែន​បានរាយការណ៍មកថា ការវាយប្រហារចំនួន ២៥៩ លើកដោយកាំភ្លើងធំ និងគ្រាប់កាំជ្រួចរ៉ុក្កែត​ជាច្រើនប្រភេទបានកើតឡើង ហើយការប្រយុទ្ធគ្នាបាញ់ទៅមកចំនួន ៣៨លើក បានកើតឡើង​ក្នុងអំឡុងពេលថ្ងៃនៅលើរណសិរ្ស Bakhmut ។

ជាការអំពាវនាវ រដ្ឋមន្រ្តីខាងលើស្នើសុំឱ្យសាធារណជនមេត្តាបន្តជួយផ្តល់ថវិការៃអង្គាសតាមរយៈវេទិកា United24 ដើម្បីកងទ័ពអាចទិញដ្រូន និងគ្រឿងភ័ស្តុភារបន្ថែមទៀត៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា