សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៨ តាមរយៈ​ការដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ និង​បន្លែ​ផ្លែឈើ​លើក​ទី​១៦

​ភ្នំពេញ​៖​ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងស្រុក ឱ្យមាន​ភាពរស់រវើក និង​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការទទួលស្គាល់ និង​គាំទ្រ​ផលិត​ផល​ខ្មែរ ស្របតាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការជំរុញ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​វិស័យ​ឯកជន ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៨ តាមរយៈ​ការដាក់​តាំង​បង្ហាញ​ផលិត​ផល​ខ្មែរ និង​បន្លែ​ផ្លែឈើ​លើក​ទី​១៦ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤-២៧ខែកុម្ភៈឆ្នាំ​២០២៣ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម ការរៀបចំ​ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​នៅ​មូលដ្ឋាន​ឱ្យមាន​ភាព​ប្រទាក់​ក្រឡា​ពី​កសិដ្ឋាន​មក​ទីផ្សារ ជា​វេទិកា​ផ្គូផ្គង​រវាង​អ្នក​ផលិត អ្នកត្រូវការ​ផលិតផល​យកទៅ​ចែកចាយ​បន្ត និង​បំផុសស្មារតី​អ្នក​ប្រើប្រាស់​ទូទៅ ឱ្យ​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំនួស​ការនាំ​ចូល​ពី​បរទេស​ជា​ជំហានៗ​។​

​ក្នុងឱកាស​នេះ ក្រសួង សូម​អញ្ជើញលោក លោកស្រី ជា​ផលិតករ ម្ចាស់​កសិដ្ឋាន អ្នក​កែច្នៃ សមាគម អាជីវកម្ម និង​សហគមន៍​ផលិត​បន្លែ និង​ផ្លែឈើ​ខ្មែរ ដែល​ត្រូវការ​ស្តង់​ដាក់តាំង​ផលិតផល​សម្រាប់​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ឬ​មាន​គម្រោង​ចុះកិច្ចសន្យា​ទិញ​-​លក់​សូម​ទាក់ទង​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ដែលមាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​ពីរនៃ​អគារ​​ទីស្តីការក្រសួង​ពាណិជ្ជកម្ម អាសយដ្ឋាន​៖ ដីឡូត៍​លេខ​១៩-៦១មហាវិថី​សហព័ន្ធរុស្ស៊ីភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​​ភ្នំពេញ​៕ដោយៈសិរីមតី