សេដ្ឋកិច្ច

កម្ពុជា និង ម៉ា​ល់​ឌី​វ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​ស៊ីជម្រៅ

ភ្នំពេញ៖​​កម្ពុជា និង ម៉ា​ល់​ឌី​វ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ក្នុង​ទីក្រុង​ម៉ា​ល ប្រទេស​ម៉ា​ល់​ឌី​វ ។​

​យោងតាម​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​អនុស្សរណៈ​នេះ​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​ដូ​ចត​ទៅ​៖
១. ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ ទេសចរណ៍​ទីក្រុង និង​ជនបទ ទេសចរណ៍ធម្មជាតិ អេកូ​ទេសចរណ៍ ទេសចរណ៍​សហគមន៍ ទេសចរណ៍​សាសនា ជាដើម​
២. ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​ជំនាញ និង​ផ្នែក​ឯកជន
៣. ផលិត​ឯកសារ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរណ៍​រួមគ្នា​
៤. គាំទ្រ និង​ចូលរួម​សិក្ខាសាលា កិច្ចប្រជុំ សន្និបាត និង កិច្ចការ​ពាណិជ្ជកម្ម​/​ពិព័រណ​ទេសចរណ៍​
៥. ការលើកទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់​ការហោះហើរ
៦. កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត

​លោក​ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ បាន​បញ្ជាក់ថា ប្រទេស​ទាំងពីរ​ក៏បាន​លើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ដែល​កាន់​លិខិតឆ្លងដែន​ការទូត ផ្លូវការ និង​ធម្មតា ចំនួន ៣០ ថ្ងៃ។

​សូម​រំលឹក​ជូន​ថា មុន​វិបត្តិ​កូ​វីដ​−១៩ នៅ​ឆ្នាំ​២០១៩ កម្ពុជា​បានទទួល​ទេសចរ​អន្តរជាតិ​ចំនួន ៦.៦ លាន​នាក់ កើនឡើង ៦.៦% ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​ឆ្នាំ​២០២២ កន្លងទៅនេះ កម្ពុជា​បានទទួល​ទេសចរ​អន្តរជាតិ​ចំនួន ២.២​លាន​នាក់ កើន ១០២០% ធៀប​នឹង​ឆ្នាំ​២០២១​។ រីឯ ប្រទេស​ម៉ា​ល់​ឌី​វ ឆ្នាំ​២០១៩ ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ចំនួន ១.៧ លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២២ ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ ១.៦ លាន​នាក់​៕​ដោយៈផាវី