អន្តរជាតិ

អភិបាលអ៊ុយក្រែន៖ អ្នកស្លាប់ក្នុងនៅទីក្រុង Dniproកើនឡើងដល់៣០នាក់

បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីទៅលើប្លុកអគារលំនៅដ្ឋានក្នុងទីក្រុង Dnipro​ អ៊ុយក្រែនភាគខាងត្បូង និងកណ្តាល អភិបាលតំបន់បានរាយការណ៍ចុងក្រោយថា អ្នកស្លាប់បានកើនឡើងដល់៣០នាក់ ខណៈជាច្រើននាក់កំពុងជាប់ក្រោមគំនរបាក់បែក។

ទីប្រឹក្សាអភិបាលតំបន់អ៊ុយក្រែន លោកស្រី Natalia Babachenko បាននិយាយនៅយប់ថ្ងៃអាទិត្យថា មនុស្សចំនួន ៣០នាក់ ត្រូវបានបញ្ជាក់ថាបានបាត់បង់ជីវិតអស់ហើយ បន្ទាប់ពីប្លុកអគារផ្ទះល្វែង​មួយកន្លែង​ក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារដោយមីស៊ីលរុស្ស៊ីដ៏ធំមួយ។ មនុស្សជាង ៣០ នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះមាន ១២ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកឯប្រតិបត្តិការរុករកកំពុងធ្វើឡើងជាបន្តបន្ទាប់ មនុស្ស​ចន្លោះ​ពី ៣០ ទៅ ៤០ នាក់​ ត្រូវបានគេប៉ាន់ស្មានថាអាច​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក។ បើតាមលោកប្រធានាធិបតីហ្សេឡិនស្គី ផ្ទះ​ល្វែង​ប្រហែល ៧២ ខ្នង​ត្រូវ​បាន​បំផ្លាញទាំងស្រុង និង​ជាង ២៣០ រង​ការ​ខូច​ខាត រួមទាំងអគារកម្ពស់៩ជាន់ផងដែរ។

ជាការអន្តរាគមន៍ លោកស្គីបានអំពាវនាវឲ្យបុគ្គលិកសង្រ្គោះខិតខំឲ្យអស់ពីលទ្ធភាព ទោះបីមានឧបសគ្គអាកាសធាតុត្រជាក់ក៏ដោយ ។ Zelenskyy បាននិយាយថា “យើងបន្តតស៊ូដើម្បីគ្រប់ជីវិត” ។ “សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​សាច់ញាតិ និង​មិត្តភ័ក្តិ​ទាំងអស់​នៃ​ជនរងគ្រោះ​”​៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា