សេដ្ឋកិច្ច

វេទិកាសាធារណៈ​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ផ្តល់​ចំណេះដឹង បទពិសោធន៍​ល្អៗ សម្រាប់​អនុវត្ត​ក្នុង​អាជីវកម្ម​

​ភ្នំពេញ​៖«​វេទិកាសាធារណៈ​លើក​ទី​១​ស្ដីពី​ការដោះស្រាយ​លក់​អចលវត្ថុ​ជាប់គាំង​និង​បច្ចេកវិទ្យា​អចលនវត្ថុ​ក្នុង​សម័យកាល​បច្ចុប្បន្ន​បាន​ផ្តល់​នូវ​ចំណេះដឹង​បទពិសោធន៍​ល្អៗ​ជាក់ស្តែង​ពី​វាគ្មិន​ជាតិ​និង​អន្តរជាតិ​ដែល​អាច​យកទៅអនុវត្ត​ផ្ទាល់​ក្នុង​អាជីវកម្ម​និង​ក្នុង​វិស័យ​អចល​ន​ទ្រព្យ​»​។​នេះ​ជាការ​លើកឡើង​របស់លោក កង សុវណ្ណ​ថា ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​។​

​នៅក្នុង​វេទិកាសាធារណៈ ស្ដីពី​ការដោះស្រាយ​លក់​អចលវត្ថុ​ជាប់គាំង​និង​បច្ចេកវិទ្យា​អចលនវត្ថុ​ក្នុង​សម័យកាល​បច្ចុប្បន្ន​ដែល​រៀបចំ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា តិច​ណូ (ITC) លោក កង សុវណ្ណ​ថា បាន​មានប្រសាសន៍ថា​៖​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ព្យាយាម​បង្កើត​វេទិកា​ដ៏​មាន​សារៈប្រយោជន៍​និង​សារ​សំខាន់​ដល់ សមាជិក​សមាជិកា ធុរកិច្ច​ជន ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ដើម្បី​បានទទួល​នូវ​បទពិសោធន៍​ចំណេះដឹង​បទពិសោធន៍​ល្អៗ​ពី​វាគ្មិន​ជាតិ​និង​អន្តរជាតិ​។​

លោក​បាន​បញ្ជាក់ថា​៖​នេះ​ជា​លើកទីមួយ​ដែល​សមាគម​បានធ្វើ​វេទិកាសាធារណៈ​ហើយ​សមា​គម​នឹង​បន្តធ្វើ​បន្តទៀត​នៅ​រាជធានី​ភ្នំពេញ​ហើយ​នៅពេល​ខាងមុខ​អាច​នឹង​ពង្រីក​ទៅដល់​តាម​បណ្ដា​ខេត្ត​ទៀត​។​

​សូមជម្រាបថា​៖​កម្មវិធី​វេទិកា​នេះ គឺ​បានរៀបចំ​ជា​២​វគ្គ ដែល​វគ្គ​ទី​១ រៀបចំ​ដោយ​ផ្តោត​ដល់​បទ​បង្ហាញ​គន្លឹះ​លើ​ប្រធាន​សំខាន់ៗ​មួយចំនួន​រួមមាន​៖
១- បទ​បង្ហាញ​អំពី​នីតិវិធី​រៀបចំ​បញ្ជីស្នាម​ពន្ធដារ​ក្រុមហ៊ុន​ក្នុង​អាជីវកម្ម​អចលនវត្ថុ ដែល​បទ​បង្ហាញ​ដោយ​ឯកឧត្តម អ៊ុំ សា​រ៉ាវុធ ទីប្រឹក្សា​គណៈកម្មាធិការ​បច្ចេកទេស​នៃ​សមាគម និង​ប្រធាន​ក្រុមហ៊ុន USRV International Business Consultant Co.,Ltd.
២- បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​អចលនវត្ថុ​តាម​ស្តង់ដារ​អន្តរជាតិ ដែល​បទ​បង្ហាញ​Ms. Lea Bogatin
​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Linx International​។​
៣- បទ​បង្ហាញ​អំពី​តិច​និចល​ក់​អចលនវត្ថុ ឱ្យចេញ​លឿន​ក្នុងស្ថានភាព​បច្ចុប្បន្ន ដែល​បទ​បង្ហាញ​លោក តូ​វ ម៉េង​អ្នកជំនាញ​បណ្ដុះបណ្ដាល​ផ្នែក​លក់​
៤- បទ​បង្ហាញ​អំពី​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​អចលនវត្ថុ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បទ​បង្ហាញ​លោក ចេង វុទ្ធី ទីប្រឹក្សា​គណៈកម្មាធិការ​បច្ចេកទេស​នៃ​សមាគម និង​ជា​អគ្គនាយក​ក្រុមហ៊ុន អ៊ី​ន​វ៉ា និង​វគ្គ ទី​២ គឺ​ផ្តោតលើ​កិច្ចពិភាក្សា​ស្តីពី​ការដោះស្រាយ​លក់​អចលវត្ថុ​ជាប់គាំង និង​បច្ចេកវិទ្យា​អចលនវត្ថុ​ក្នុង​សម័យកាល​បច្ចុប្បន្ន និង​វេទិកា​សំណួរ​-​ចម្លើយ ជូន​ដល់​សមាជិក​-​សមាជិកា​និង​អង្គ​សិក្ខាកាម​ដែល​បាន​ចូលរួម​ដោយ​បើកចំហ និង​ទទួលបាន​ធាតុ​ចូល​សំខាន់ៗ​។

​នៅក្នុង​វេទិកា​នេះ ឯកឧត្តម អ៊ុំ សា​រ៉ាវុធ បាន​ចែករំលែក​ចំណេះដឹង បទពិសោធន៍​និង​ពន្យល់​អំពី​វិស័យ​ពន្ធដារ​ក្នុង​វិស័យ​អចលនទ្រព្យ​និង​កាតព្វកិច្ច​ពន្ធដារ​ថា​តើ​អ្នករកស៊ី​ត្រូវធ្វើ​អ្វីខ្លះ មាន​កាតព្វកិច្ច​អ្វីខ្លះ​។​

​ឯកឧត្តម​អគ្គនាយក​ក្រុមហ៊ុន​USRV Group បាន​លើកឡើងថា​៖​អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ​និង​ការរកស៊ី​ផ្សេងៗ​គឺ​ចៀស​មិន​ផុតពី​ការបង់ពន្ធ វិស័យ​ណាក៏ដោយ​ឲ្យ​តែ​រកស៊ី​គឺ​ត្រូវមាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។​វេទិកាសាធារណៈ​នេះ​ពិសេស​ណាស់​ដែល​សមា​គ​ម​រៀប​ច​កម្មវិធី​នេះ​ឡើង​ដើម្បី​ឲ្យ​ធុរកិច្ច​ជន​ម្ចាស់​អាជីវកម្ម​បាន​ស្វែងយល់​អំពី​បញ្ហា​នីតិវិធី​ច្បាប់ របៀបរបប​ធ្វើ​អាជីវកម្ម​ដើម្បី​យកចំណេះ​ដឹង​ទៅ​អនុវត្ត​លើ​ការងារ​អាជីវកម្ម​រប​ស់​ខ្លួន​។

​​លោក ចេង ពុ​ទ្ធី ទីប្រឹក្សា​គណៈកម្មាធិការ​បច្ចេកទេស​នៃ​សមាគម អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អ៊ី​ន​វ៉ា បាន​ថ្លែងថា​៖​បច្ចេកវិទ្យា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​អាចជួយ​ឱ្យមាន​សុក្រឹត្យភាព​ក្នុង​ការរៀបចំ​ការ​គ្រប់​គ្រង​ការងារ​អចលនទ្រព្យ ។​បច្ចេកវិទ្យា​ជួយ​ព​ន្លឿ​ន​ការងារ ជួយផ្ដល់​លទ្ធភាព​និង​ធ្វើ​ការងារ​បាន​ត្រឹមត្រូវ​។

​លោក​បាន​បន្តថា​៖​វេទិកា​នេះ​ល្អ ថ្វីត្បិតតែ​មាន​រយៈពេល​ខ្លី តែមាន​អត្ថប្រយោជន៍​ខ្លាំង​ពាក់ព័ន្ធ​ទៅនឹង​ជំនាញ​ទិញ​លក់ វិស័យ​ពន្ធដារ ការវាយតម្លៃ​អចលនទ្រព្យ និង​បច្ចេកវិទ្យា​៕ដោយៈសិរីមតី