អន្តរជាតិ

មនុស្សយ៉ាងហោចណាស់៦៦នាក់បានស្លាប់ ក្នុងការធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់

មនុស្សយ៉ាងហោចណាស់៦៦នាក់បានបាត់បង់ជីវិត ដោយសារឧប្បត្តិហេតុធ្លាក់យន្តហោះម៉ាស៊ីនភ្លោះ មួយគ្រឿងនៅប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍។

គិតមកទល់ព្រឹកថ្ងៃចន្ទ ទី ១៦ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យប៉ូលិសនេប៉ាល់បានប្រាប់ សារព័ត៌មានAl Jazeera ថា៖ សាកសពចំនួន ៦៦នាក់ត្រូវបានគេរកឃើញនៅទីតាំងកើតហេតុ ខណៈនៅមានបាត់ខ្លួនផ្សេងទៀតនៅមិនទាន់ប្រទះឃើញ មិនដឹងថាមានជីវិត ឬអត់នោះទេ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Sudarshan Bartaula បាននិយាយថា មនុស្សសរុបទាំងអស់នៅលើយន្តហោះម៉ាស៊ីនភ្លោះ ATR ៧២ មានចំនួន ៧២ នាក់ រួមទាំងសមាជិកនាវិក ៤ នាក់ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Yeti ប្រទេសនេប៉ាល់។ យន្តហោះនោះបានធ្លាក់ពេលកំពុងហោះហើរពីរដ្ឋធានី Kathmandu ទៅកាន់ Pokhara ដែលជាទីក្រុងចម្ងាយ២០០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Kathmandu ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ។ យោងតាមប្រភពសាក្សីជាអ្នកស្រុក បានប្រាប់អ្នកសារព័ត៌មានថា បំណែកនៃយន្តហោះបានទើរជាប់នៅលើភ្នំ ខណៈខ្លះត្រូវបានរកឃើញធ្លាក់ចូលក្នុងជ្រលងទន្លេ Seti។

យ៉ាងណាក៏ដោយ មូលហេតុច្បាស់លាស់ផ្លូវការកំពុងស្ថិតក្រោមការស៊ើបអង្កេត បើទោះជាអ្នកស្រុកនៅក្នុងទីក្រុង Pokhara បានអះអាងថា នេះដោយសារអាកាសធាតុ និងការមើលមិនឃើញក៏ដោយ។ ការធ្លាក់នេះគឺជាការសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេស នេប៉ាល់ចាប់តាំងពីខែមីនាឆ្នាំ ២០១៨ សម្លាប់មនុស្ស៥១នាក់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា