ព័ត៌មានជាតិ

ប្រទះឃើញសត្វខ្ទីង២ក្បាលដើររកស៊ីចំណីក្នុងស្រុកជ័យសែន

ព្រះវិហារ៖មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែមករាកន្លងទៅ កម្លាំងឧទ្យានុរក្ស ការពារដែនជម្រកសត្វព្រៃ-ព្រៃឡង់ខេត្តព្រះវិហារបានប្រទះឃើញសត្វខ្ទីង២ក្បាល មេនិងកូនកំពុងដើររកស៊ីចំណី។ខណៈក្រុមមន្ត្រីបានចុះល្បាតដើម្បីគ្រប់គ្រងធនធានធម្មជាតិ នៅភ្នំក្រៀលក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

មន្ត្រីដដែលបានបន្តថា រយៈកាលកន្លងមកពួកគេធ្លាប់បានប្រទះឃើញហ្វូងសត្វខ្ទីង មេនិងកូនរកស៊ីចំណីកាលពីអំឡុងខែកក្កដា២០២២កន្លងទៅនៅម្តុំភ្នំ១០០ ក្នុងភូមិស្រែវាល ស្រុកជ័យសែន ។សត្វខ្ទីងគឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅនិងរុក្ខជាតិជាអាហារ ដោយត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី។

វាមានមាឌធំជាងគេក្នុងចំណោមពពួកគោសាទិសនៅលើពិភពលោក។ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះវាពុំសូវមានសត្រូវច្រើនទេ ហើយសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ដោយឡែកនៅប្រទេសកម្ពុជា គេប្រទះឃើញសត្វខ្ទីងមានវត្តមានភាគច្រើនគឺនៅក្នុងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើតព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។

តែទោះជាយ៉ាងណា បច្ចុប្បន្នមិនមានតួលេខប៉ាន់ស្មានផ្លូវការអំពីចំនួនសត្វខ្ទីងដែលមាននៅក្នុង ប្រទេសកម្ពុជានោះឡើយ៕ដោយ៖ភ្នំដែក