សន្ដិសុខសង្គម

តុលាការខេត្តផ្តន្ទាទោសអតីតផ្កាយ២យោធាម្នាក់ដាក់គុក៣ឆ្នាំ

កំពង់ស្ពឺ៖តុលាការខេត្តកំពង់ស្ពឺ បានប្រកាសសាលក្រមលើសំណុំរឿងអតីតផ្កាយ២យោធាម្នាក់​ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តទោស១ឆ្នាំ៦ខែ។

សមត្ថកិច្ចបានឱ្យដឹងថា តុលាការខេត្តកំពង់ស្ពឺ កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅបានប្រកាស​សាលក្រមលើសំណុំរឿងអតីតផ្កាយ​២យោធាម្នាក់ឈ្មោះសូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់​ស្ត្រីឈ្មោះ ឌួង ហេម៉ាលីស ប្តឹង២ករណី។ទី១-ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងទី២-ចាប់បង្ខាំងមនុស្សដោយខុសច្បាប់។

ក្នុងការសម្រេចនេះ តុលាការផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ ដាក់ទោសកំណត់រយៈពេល៣ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ ទោសនៅសល់ពីនេះព្យួរនិងពិន័យជាប្រាក់ចំនួន៦.០០០.០០០រៀល ពីបទហិង្សាដោយមានស្ថាន​ទម្ងន់ទោស ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ជាបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា១០៦ មាត្រា១០៧ មាត្រា១០៨ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

សាលក្រមតម្រូវឱ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬទេស ចាន់សឿន ហៅ វ៉ា អាយុ៤៨ ឆ្នាំ សងសំណងថ្លៃការព្យាបាលរបួសជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស៕ដោយ៖វិចិត្រ