សន្ដិសុខសង្គម

ឃុំខ្លួនស្ត្រីមា្នក់ចំណោម២នាក់រឿងចេញសែកស្អុយជិត២០ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា បានឃុំខ្លួនស្ត្រីមា្នក់ចំណោម២នាក់ដាក់ពន្ធនាគារ​បណ្ដោះអាសន្នរឿងចេញសែកស្អុយជិត២០ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីត្រូវចោទឈ្មោះង៉ុយ រស់ អាយុ៤០ឆ្នាំ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ និងឈ្មោះ ង៉ុយ កុសល បានខ្ចីប្រាក់ដើមបណ្តឹងជាង២០ម៉ឺនដុល្លារ ហើយជន​ត្រូវចោទ​ឈ្មោះ ង៉ុយ រស់ និង ង៉ុយ កុសល បានចេញមូលប្បទានបត្រ(សែក)ចំនួន៣សន្លឹក​ដែលមានទឹកប្រាក់ ១៨ម៉ឺនដុល្លារ ជាការសងប្រាក់ឱ្យម្ចាស់បំណុល។ពេលម្ចាស់បំណុលបានយក​សែកនោះទៅដកប្រាក់នៅធនាគារ ស្រាប់តែសែកទាំង៣សន្លឹកនោះគឺគ្មានសាច់ប្រាក់ទេ។

ក្រោយមកជនរងគ្រោះបានប្តឹងទៅតុលាការភ្នំពេញរឿងឆបោកចេញសែកស្អុយអត់មានសាច់ប្រាក់។នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញបានចេញដីកាបញ្ជាឱ្យស្ត្រី​ទាំង២នាក់នោះ​ចូលខ្លួននៅនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃដើម្បីសាកសួរ។ស្ត្រីឈ្មោះ ង៉ុយ រស់ បានចូលខ្លួនទៅនគរបាលក្រសួងមហាផ្ទៃតាមដីកា។ប៉ុន្តែស្ត្រីឈ្មោះង៉ុយ កុសលមិ នបានចូលខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនទេ។

បន្ទាប់មកនគរបាលក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង៉ុយ រស់ ទៅតុលាការ ភ្នំពេញ ដោយចោទប្រកាន់ជាផ្លូវការពីបទឆបោក រួចបញ្ជូនទៅចៅក្រមស៊ើបសួរហើយសម្រេច​ឃុំខ្លួនដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្នតាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍​ដែលអាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់៕ដោយ៖វិចិត្រ