សេដ្ឋកិច្ច

ក្រសួង​អប់រំ លើកទឹកចិត្ត​សិស្សានុសិស្ស​ឱ្យ​រៀន STEM តាំងពី​វ័យ​កុមារ​

​ភ្នំពេញ​៖​កម្មវិធី​ប្រកួត Think!Think! World cup ថ្នាក់ជាតិ ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែមករា នៅ​មជ្ឈមណ្ឌល សហ​ប្រតិ​ហ​ត្តិ​ការ​កម្ពុជា ជប៉ុន CJCC ដែល​កម្មវិធី​នេះ ជា​ផ្នែក​មួយ​នៃ​ខួប ៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​និង​ជប៉ុន​។​

ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា JICA និង​ស្ថានទូត​ជប៉ុន ដើម្បី​លើកទឹកចិត្ត​សិស្សានុ សិស្ស​កាន់តែច្រើន ក្នុងប្រទេស​កម្ពុជា ឱ្យ​រៀន STEM​តាំងពី​វ័យ​កុមារ​ជាមួយនឹង​បច្ចេកវិទ្យា​អប់រំ ពី​ប្រទេស​ជប៉ុន​។​សិស្ស​ប្រមាណ ៤០០០​នាក់​បាន​ចូលរួម​ការប្រកួត ហើយ​ពួកគេ​បាន​ប្រកួតប្រជែង​ជំនាញ STEM របស់​ពួកគេ ជាមួយគ្នា​នៅលើ​កម្មវិធី Think!Think! ដែល JICA នាំយកមក​កម្ពុជា​។​

​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​“​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការរៀន STEM តាំងពី​កុមារភាព និង​អភិវឌ្ឍ បំ​ណិ​ន​សតវត្សរ៍​ទី ២១ នៅក្នុង​សង្គម​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នេះ​។ Think!Think! WorldCup គឺជា​ឱកាស​ដ៏​ល្អ​ដែល​អាច​ទាញ ចំណាប់អារម្មណ៍​សិស្សានុសិស្ស ឲ្យ​ចាប់អារម្មណ៍​លើ STEM​។​

​លោកស្រី ហា​រ៊ុ​កុ កា​មិ​អិ ប្រធាន​តំណាង JICA ប្រចាំ​កម្ពុជា មានប្រសាសន៍ថា Think!Think! គឺជា​សេវាកម្ម​អប់រំ​របស់​ប្រទេស​ជប៉ុន​ដ៏​លេចធ្លោ​មួយ ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាងច្បាស់​លាស់ សម្រាប់​កម្មវិធី EdTech (​បច្ចេកវិទ្យា​អប់រំ​)​ដ៏​ល្អឥតខ្ចោះ​សម្រាប់​កុមារ​នៅក្នុង​ប្រទេស​ជប៉ុន​និង​នៅ​ទូទាំង​ពិភពលោក​។​មិន​ត្រឹមតែ​កម្មវិធី​ThinkThink!​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សកម្មភាព​ពាក់ព័ន្ធ​នឹង​វប្បធម៌​ជប៉ុន​ជាច្រើន​ដូចជា​ការបង្ហាញ​ការ​កាត់​ត្រី​សាល​ម៉ុ​ន​ត្រូវបាន​រៀបចំឡើង​ហើយ​សិស្ស​ជាច្រើន​បាន​ចូលរួម​រីករាយ​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​នេះ​។​

Think!Think! ជា​កម្មវិធី​មកពី​ប្រទេស​ជប៉ុន​ដើម្បី​អភិវឌ្ឍ​ជំនាញ STEM និង ជំនាញ​សតវត្សរ៍​ទី ២១ របស់ សិស្ស​។ វា​មាន​ភាពល្បីល្បាញ​ដោយសារ​ការទទួលបាន​ពានរង្វាន់​កម្មវិធី​អប់រំ​លេខ 1 របស់​ប្រទេស​ជប៉ុន​និង កម្មវិធី​ល្អ​បំផុត​របស់ Google សម្រាប់​កុមារ​។​វា​មាន​អ្នកប្រើប្រាស់​ជាង​២០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។​កម្មវិធី​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​អប់រំ​សាធារណៈ​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៨​ដោយមាន​ការគាំទ្រ​ពី JICA ។ បច្ចុប្បន្ននេះ សិស្សានុសិស្ស​ចំនួន ៤០០០ នាក់​នៅក្នុង​សាលា​រដ្ឋ​ចំនួន​៩ ក្នុង​ខេត្ត​ចំនួន​៦​និង​មជ្ឈមណ្ឌល​សិក្សា​ចំនួន​១ នៅ​រាជធានី​ភ្នំពេញ​ប្រើប្រាស់​កម្មវិធី​នេះ​។ Think!Think! Worlcup ថ្នាក់ជាតិ​នឹងធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់ពីពេលនេះ​តទៅ​៕