សន្ដិសុខសង្គម

ស្វែងរកចាប់តៃកុងរថយន្តបុកម៉ូតូពីក្រោយបង្កឱ្យបុរសម្នាក់ស្លាប់ភ្លាម

ភ្នំពេញ៖សមត្ថកិច្ចកំពុងស្វែងរកចាប់អ្នកបើកបររថយន្តម៉ាកព្រូសបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ដួលបោកបែកក្បាលចេញខួរស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅមុខ​ស្ថានីយប្រេងតេលា តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៤ ខែមករា។

នគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះសឹង សុខុន អាយុ៤៥ឆ្នាំ មុខរបរបើករថយន្ត​ឱ្យក្រុមហ៊ុនមួយ ស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។កន្លែងកំណើតភូមិព្រៃពង្រ ឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា Wave RSX ផ្លាកលេខភ្នំពេញ1GN-1799 ពីកើតទៅលិច។មកដល់កន្លែងខាងលើ មានរថយន្តព្រូសមិនចាំផ្លាកលេខបើកមកពីក្រោយក៏បុកម៉ូតូពេញទំហឹង​បណ្ដាលឱ្យ​ជនរងគ្រោះផ្លោងធ្លាក់បោកបែកក្បាលចេញខួរស្លាប់មួយរំពេច។ចំណែករថយន្តបង្កបាន​បើករត់គេចខ្លួនបាត់។

បន្ទាប់ពីនោះសមត្ថកិច្ចជំនាញបានចុះមកវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងបន្តសា្រវជ្រាវរកតៃកុងរថយន្តបង្កមកដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ