អន្តរជាតិ

អ្នកសង្កេតការណ៍លោកខាងលិច៖ ​ពូទីនកំពុងអន្ទះអន្ទែងសង្រ្គាមនៅអ៊ុយក្រែន

អ្នកសង្កេតការណ៍រុស្ស៊ី និងលោកខាងលិច បានចេញការវាយតម្លៃថា លោកពូទីនកំពុងអន្ទះអន្ទែងខ្លាំង លែងចង់មានការអត់ធ្មត់ក្នុងសង្រ្គាមហើយ ខណៈផ្លាស់ប្តូរមេទ័ពដោយគ្មានស្តាយស្រណោះ។

បើទោះជាក្រសួងការពារជាតិរុស្ស៊ីបានជម្រាបបញ្ជាក់ភ្លាមៗរួចហើយក៏ដោយ ថាការដកតំណែងមេទ័ព Sergei Surovikin ចេញពីមេបញ្ជាការឈ្លានពានអ៊ុយក្រែនគឺគ្រាន់តែជាចំណាត់ការពង្រឹងជួរកងទ័ពរុស្ស៊ី និងគ្មានមូលហេតុអ្វីផ្សេងក៏ដោយ សញ្ញាឃ្លាំមើលពីបណ្តាមតិក្នុងប្រទេសរុស្ស៊ី ព្រមទាំងអ្នកឃ្លាំមើល​របស់លោកខាងលិច បានដាក់ការវាយតម្លៃផ្តោតខ្លាំងទៅលើភាពអត់ធ្មត់របស់​ប្រធានាធិបតីពូទីន។ ក្រុមអ្នកសង្កេតការណ៍រុស្ស៊ី និងលោកខាងលិច បាននិយាយថា ទង្វើនេះគឺជាសញ្ញាមួយបង្ហាញថា លោកពូទីន កាន់តែខឹងសម្បាចំពោះការតស៊ូរបស់អ៊ុយក្រែន ប៉ុន្តែក៏មានកំហុសនៅក្នុងបញ្ជាការកងទ័ព​រុស្ស៊ីខ្លួនឯងផងដែរ ដោយសារប្រឈមការលំបាកវាយមិនបែក និងចំណាយធនធានជាបន្តបន្ទាប់។ អ្នកវិភាគបាននិយាយថា ការដាក់នាយសេនាធិការកងទ័ពថ្មីឱ្យទទួលបន្ទុកប្រតិបត្តិការនៅលើដីជំនួស​គឺមិនមែនជារឿងធម្មតាទេ ព្រោះការងារនេះទាមទារអ្នកមានសមត្ថភាពវៃឆ្លាតខ្ពស់ ត្រូវគិតគូរពាក់ព័ន្ធ​នឹង​ការសម្របសម្រួល ទំនាក់ទំនងនយោបាយ ការវាយតម្លៃការគំរាមកំហែង និងជម្រើសបច្ចេកទេស​ដឹកជញ្ជូនភស្តុភារ។

សូមជម្រាបថា ក្រោយបានដកតំណែងលោក Sergei Surovikin ដែលទើបតែឡើងបាន៣ខែនោះហើយ លោកពូទីនបានសម្រេចតែងតាំងលោក Valery Gerasimov ជំនួសវិញភ្លាមៗមិនចាំយូរនោះទេ។

មេទ័ពថ្មី Gerasimov គឺជាមន្រ្តីជើងចាស់ក្នុងក្រសួងការពារជាតិ ដែលបានចាប់ផ្តើមចូលបម្រើការ​យោធាតាំងពីឆ្នាំ១៩៧៧ ដឹងពីយុទ្ធសាស្រ្តរាក់ជ្រៅ រួមទាំងជាតួអង្គយ៉ាងសំខាន់ក្នុងការក្តោបក្តាប់​តំបន់គ្រីមៀរអ៊ុយក្រែនឆ្នាំ២០១៤៕

ប្រភព៖ RFI

ប្រភពរូប៖RFI
ប្រែសម្រួល៖សុខ តុលា