ព័ត៌មានជាតិ

អាជ្ញាធរជម្លៀសពលរដ្ឋជាង៨០គ្រួសារចេញពីជំនន់ទឹកភ្លៀង

កំពង់ឆ្នាំង៖អាជ្ញាធរស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជម្លៀសប្រជាពលរដ្ឋចំនួន៨១គ្រួសារ​ចេញពីជំនន់ទឹកភ្លៀងដែលធ្លាក់ពីអាងស្តុកទឹកអន្លង់ជ្រៃ។

អភិបាលស្រុកសាមគ្គីមានជ័យ លោកឈួន ចាន់ណា បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ម្តុំស្ទឹងក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានរងនូវទឹកជំនន់លិចផ្លូវជាថ្មីកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា។ការលិចលង់នោះ​ដោយសារជំនន់ទឹកភ្លៀងធ្លាក់ពីអាងស្តុកទឹកអន្លង់ជ្រៃ ស្រុកសាមគ្គីមានជ័យហូរចុះមក។

អភិបាលស្រុកបានបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមករានេះ ស្ថានភាពទឹកនៅបន្តជន់លិច​ក្នុងឃុំចំនួន៥ក្នុងស្រុកសាមគ្គីមានជ័យនៅឡើយ។រីឯផលប៉ះពាល់វិញ គឺឃុំឈានឡើង បានជម្លៀសប្រជាពលរដ្ឋ៦២គ្រួសារ ឃុំពាមជម្លៀសព្រះសង្ឃវត្តតាំងខ្មៅ ឃុំស្វាយជុក ១៩គ្រួសារនិងវត្តរលាំងមាស-ឃុំត្បែងខ្ពស់និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យក៏ទឹកកំពុងជន់លិច៕ដោយ៖វិចិត្រ