ព័ត៌មានជាតិ

ផ្ទះពលរដ្ឋចំនួន៥ភូមិក្នុងស្រុកថ្ពងបានលិចលង់ដោយជំនន់ទឹកភ្លៀង

កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀងបង្កការលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធ​នៅភូមិចំនួន៥ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា រហូតមកដល់ពេលនេះ ផ្ទះប្រជាពលរដ្ឋចំនួន៥ភូមិក្នុងស្រុកថ្ពង​បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៣ថ្ងៃកន្លងមក។ជំនន់ទឹកភ្លៀងបានជន់លិចភូមិចំនួន៥នោះ គឺភូមិក្រាំងចំបក់ -ភូមិតាអោង -ភូមិកុមារមាស-ភូមិទំនាប់ និងភូមិអង្គគំ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ភូមិទាំង៥នេះមានភូមិក្រាំងចំបក់ដែលរងការប៉ះពាល់ធ្ងន់ធ្ងរលិចទាំងសាលាឃុំអមលាំងទៀត។ជាមួយនោះភូមិតាអោង-ភូមិកុមារមាស-ភូមិទំនាប់-ភូមិអង្គគំកំពុងរងការប៉ះពាល់លិចផ្លូវ​ចូលភូមិ-ចូលសាលាឃុំ- ចូលប៉ុស្តិ៍រដ្ឋបាល និងចូលសាលារៀន។

មន្ត្រីដដែលបានបន្តថា ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៨និង៨៩ បានជន់លិច​ត្រូវកម្លាំងនគរបាលស្រុកថ្ពងចុះជួយនិងជម្លៀសពលរដ្ឋចេញពីតំបន់ដែលទឹកលិចខ្លាំង។ពេលនេះអាជ្ញាធរស្រុកនិងជំនាញពាក់ព័ន្ធបានជួយអន្តរាគមន៍ដល់បងប្អូននិងរកទីទួលខ្ពស់ដើម្បីការពារសុវត្ថិភាពជូនពួកគាត់៕ដោយ៖វិចិត្រ