សន្ដិសុខសង្គម

គ្រួសារមួយដេកលើគ្រែដែកឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់៣នាក់ របួសម្នាក់

កំពង់ស្ពឺ​៖គ្រួសារមួយមានសមាជិក៤នាក់ ឪពុក ម្តាយនិងកូន បានដេកលើគ្រែដែក ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់៣នាក់ឪពុកម្តាយនិងកូនស្រី រីឯកូនប្រុសរងរបួស។ហេតុការណ៍ដ៏តក់ស្លុតនោះបានកើតឡើងនៅម្តុំការដ្ឋានបូមខ្សាច់មួយកន្លែង ភូមិរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ឈ្មោះ ប៊ុត វុទ្ធី អាយុ៤៣ឆ្នាំ ជាប្តី អ្នកកាន់ម៉ាស៊ីនបូមខ្សាច់។ឈ្មោះ ជីប សុខុន អាយុ ៤២ឆ្នាំ ប្រពន្ធ ជាមេចុងភៅ និងឈ្មោះសេង ធីប អាយុ១១ឆ្នាំ កូនស្រី។ចំណែកកូនប្រុសឈ្មោះសេង សុខម៉េង អាយុ៨ឆ្នាំ រងរបួសដៃនិងក្បាល។ក្រុមគ្រួសាររងគ្រោះនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីដដែលបានបន្តថា មូលហេតុបណ្តាលឱ្យគ្រួសារមួយស្លាប់និងរបួសយ៉ាងរន្ធត់នោះ មកពីឆ្លងចរន្តអគ្គិសនីជាមួយនឹងគ្រែដែកដែលពួកគេដេកទាំងអស់គ្នា។ក្រោយកើតហេតុ សពទាំង៣នាក់ឪពុកម្តាយនិងកូនស្រី ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមសាច់ញាតិយកទៅ ធ្វើបុណ្យនៅឯភូមិឋានរបស់ជនរងគ្រោះ៕ដោយ៖វិចិត្រ