អន្តរជាតិ

ហ្សេឡិនស្គីថា ការអះអាងរុស្ស៊ីមិនពិត ការប្រយុទ្ធគ្នានៅទីក្រុងអំបិល Soledar នៅតែបន្តនៅឡើយ

មេដឹកនាំអ៊ុយក្រែន លោកVolodymr Zelenskiy បានចេញមុខច្រានចោលការអះអាងកាន់កាប់របស់​ទាហានស៊ីឈ្នួលរុស្ស៊ីលើទីក្រុងរ៉ែអំបិលSoledarថាជារឿងមិនពិត ខណៈស្ថានភាពចុងក្រោយការ​ប្រយុទ្ធគ្នានៅតែកំពុងបន្ត។

ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃរបស់លោក​យប់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ថា ការអះអាងរបស់ទាហានស៊ីឈ្នួលរុស្ស៊ី គឺគ្រាន់តែជាការធ្វើពុត បោកប្រាស់ប៉ុណ្ណោះ។ ការប្រយុទ្ធគ្នានៅតែកំពុងបន្តនៅឡើយក្នុងទីក្រុង Soledar ដែលជាទីក្រុងល្បីខាង​ធនធានរ៉ែអំបិលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។  លោកស្គីបន្តថា “រដ្ឋភេរវករ និងអ្នក​ឃោសនា​របស់ខ្លួន​កំពុងព្យាយាមធ្វើពុត” ដើម្បីសម្រេចបានជោគជ័យមួយចំនួននៅក្នុងខ្សែបន្ទាត់ Soledar, “ប៉ុន្តែការពិតការប្រយុទ្ធនៅតែកំពុងបន្ត” ។ លោកបាននិយាយទៀតថា រណសិរ្សរំដោះ​អ៊ុយក្រែន Donetsk កំពុងតែមមាញឹកដកដៃមិនរួចនៅទីនោះ “ហើយពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាង​ដើម្បីពង្រឹង​ការការពារអ៊ុយក្រែនដោយគ្មានការសម្រាកសូម្បីតែមួយថ្ងៃ”។

ជុំវិញស្ថានភាពសមរភូមិជាក់លាក់ មិនទាន់មានសារព័ត៌មានអន្តរជាតិណាមួយអាចធ្វើការផ្ទៀងផ្ទាត់​ចុះទៅដកស្រង់ផ្ទាល់នៅទីក្រុងSoledar ចំណុចភូមិសាស្រ្តបង្ហូរឈាមបាននោះទេ។ បើតាមការបញ្ជាក់​ដោយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី  Soledar គឺត្រូវបានធ្លាក់ក្នុងការកាន់កាប់រុស្ស៊ីទាំងស្រុងហើយ ព្រមទាំងសម្លាប់បានទាហានអ៊ុយក្រែនប្រហែលជា៥០០នាក់ទៀតផង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា