អន្តរជាតិ

ពូទីនដកមេទ័ព Sergei Surovikin ចេញពីតំណែងមេបញ្ជាការកងកម្លាំងឈ្លានពានអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បានសម្រេចដកមេទ័ព Sergei Surovikin ចេញពីតំណែង មេបញ្ជាការកងកម្លាំងឈ្លានពានអ៊ុយក្រែន បន្ទាប់ពីបានតែងតាំងត្រឹមតែរយៈពេល៣ខែ។

យោងតាមទូរទស្សន៍ BBC បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មេទ័ពSergei Surovikin ដែលជា មេបញ្ជាការទទួលបន្ទុកលុកលុយប្រទេសអ៊ុយក្រែនតែងតាំងដោយប្រធានាធិបតីពូទីនកាលពីខែតុលា ឆ្នាំ២០២២ ឥឡូវនេះត្រូវបានដកចេញយ៉ាងពិតប្រាកដ។ មូលហេតុច្បាស់លាស់ ក្រសួងការពារជាតិ រុស្ស៊ីបានបញ្ជាក់ដោយផ្ទាល់ថា ការដកតំណែងលោក Surovikin គឺដើម្បីគោលបំណងរៀបចំ ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធ កែលម្អគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងកងកម្លាំងរុស្ស៊ីប៉ុណ្ណោះ មិនមានអ្វីផ្សេងនោះទេ។

ទោះបីជាយ៉ាងណា ​ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​អ្នក​ខ្លះ​មើល​ឃើញ​ថា​ ដោយសារលោក Surovikin មោទនភាពនឹងអំណាចជ្រុលពេក។ ចាប់តាំងពីខែតុលា នៅពេលដែលប្រធានាធិបតីពូទីន បានតែងតាំងលោក Surovikin ប្រតិបត្តិការវាយលុកអ៊ុយក្រែនហាក់ផ្ទុះឡើងយ៉ាងសាហាវ គួរឲ្យកត់សម្គាល់។ ការវាយប្រហារគឺផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន និងផ្ទះជនស៊ីវិល ឥតញញើតដៃ។ គួរជម្រាបថា ឧត្តមសេនីយ៍ Surovikin ត្រូវបានគេដាក់ឈ្មោះថាជា មេបញ្ជាការ ល្បិចកិចកលដ៏ឃោរឃៅបំផុតមួយ ពោលគឺមានងារតាំងពីអំឡុងសង្រ្គាមមុនៗ រួមទាំង ប្រតិបត្តិការ របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី និងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុង Aleppo ជាដើម៕

ប្រភព៖ BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា