អន្តរជាតិ

ទ័ពជើងទឹកអាម៉េរិកថាបានរឹបអូសកាំភ្លើងវែងជាង២០០០ដើមរបស់អ៊ីរ៉ង់នៅសមុទ្រអូម៉ង់

កងទ័ពជើងទឹកអាម៉េរិកបាននិយាយថា ខ្លួនបានរឹបអូសកាំភ្លើងវែងជាង ២០០០ដើមចេញពី​កប៉ាល់មួយនៅសមុទ្រអូម៉ង់កាលពីចុងសប្តាហ៍កន្លងទៅនេះ  ដោយសង្ស័យថាជាសព្វាវុធរបស់អ៊ីរ៉ង់ ទុកសម្រាប់បំពាក់ឲ្យក្រុមឧទ្ទាមហូទីស។

យោងតាមកងនាវាចរទី៥ របស់សហរដ្ឋអាម៉េរិក ដែលមានមូលដ្ឋាននៅបារ៉ែន បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី ១០ ខែមករា កប៉ាល់ឈើផ្ទុកអាវុធត្រូវបានគេរកឃើញ​តាំងពីថ្ងៃសុក្រចុងសប្តាហ៍មកម្ល៉េះ នៅឯឆ្នេរសមុទ្រនៃប្រទេសអូម៉ង់។ ប្រតិបត្តិការរឹបអូសបានធ្វើឡើង​ភ្លាមៗនាថ្ងៃដដែលនោះ បន្ទាប់ពីក្រុមទ័ពជើងទឹកអាម៉េរិកមួយក្រុមមកពីនាវា USS Chinook បានឡើងចាប់រឹបអូស។ មេបញ្ជាការ Timothy Hawkins អ្នកនាំពាក្យកងទ័ពជើងទឹកអាម៉េរិកបាននិយាយ​ថា ពួកគេបានរកឃើញកាំភ្លើងវែងដែលមានរាងដូច Kalashnikov កាំភ្លើងសូវៀត រុំដោយ    ក្រណាត់ពណ៌បៃតង​នៅលើកប៉ាល់។ លោក Hawkins បានបន្តថា “នៅពេលដែលយើងស្ទាក់​ចាប់នាវានោះ វាគឺកំពុងស្ថិតនៅលើខ្សែទឹកឆ្ពោះខុសច្បាប់សំដៅទៅកាន់​ក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន” ។ “នាវិកនៃកប៉ាល់ក៏ជាជនជាតិយេម៉ែន ដោយនឹងត្រូវចាត់ចែងធ្វើមាតុភូមិនិវត្តន៍​ទៅកាន់ផ្នែកដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសយេម៉ែនវិញ”។

ជុំវិញព័ត៌មាននេះ មិនមានការឆ្លើយតបភ្លាមៗពីមន្ត្រីអ៊ីរ៉ង់ឡើយ។ តែបើតាមអ្នកជំនាញ​បានពិនិត្យរូបថត​របស់កងទ័ពជើងទឹក បានបញ្ជាក់ថា អាវុធដែលរឹបអូសហាក់ទំនងជាកាំភ្លើង T-56 ផលិតដោយចិន និង Molot AKS20Us ផលិតដោយរុស្ស៊ី ព្រោះកាំភ្លើងប្រភេទ 56 ធ្លាប់ត្រូវបានរកឃើញនៅក្នុងឃ្លាំងអាវុធ​ដែល​រឹបអូសកាលពីមុន។ ក្រណាត់ពណ៌បៃតងស្រដៀងគ្នាក៏ត្រូវបានគេប្រើផងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា