សន្ដិសុខសង្គម

ពលរដ្ឋដេញចាប់ជនសង្ស័យលួចម៉ូតូពេលម្ចាស់ចូលដកលុយវីង

ភ្នំពេញ៖ ពេលម្ចាស់ចតម៉ូតូចូលដកលុយផ្ទះវីង ស្រាប់តែមានជនសង្ស័យឡើងជិះម៉ូតូបើក ប៉ងរត់គេចខ្លួន តែត្រូវបានម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលពលរដ្ឋជួយដេញចាប់បាន។ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពីល្ងាចថ្ងៃទី៩ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលចាប់ខ្លួនឈ្មោះ ភោគ កុសល អាយុ​៣៣​ឆ្នាំ ទីកំណើត​ភូមិ​ខ្នាច​ជើង ស្រុក​សំរោង ខេត្តតាកែវ ​មកស្នាក់​នៅ​ភូមិ សង្កាត់​ខាងលើ​។

ជន​នេះ​បាន​សារភាព​ប្រាប់​នគរបាល​ថា មក​ពី​ខ្លួន​គ្មាន​លុយ​ចាយ ដោយ​កន្លង​មកខ្លួន​ក៏​ធ្លាប់​ត្រូវ​ចោរលួច​ម៉ូតូ​អស់​១​គ្រឿង​ ទើប​ពេល​នេះខ្លួន​លួច​យក​ម៉ូតូ​អ្នក​ផ្សេង​ជា​ការជំនួស​វិញ​។ម៉ូតូ​ដែលចោរលួចម៉ាក​ហុងដា​ឌ្រី​ម ផ្លាក​លេខភ្នំពេញ1BU-8591 ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជា វី​រ៉ា អាយុ​២៣​ឆ្នាំ ជាកម្មករ​សំណង់ កន្លែង​កំណើត ភូមិ​បឹង​ម្ន​ង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង។

​មុន​​កើតហេតុ បុរស​ខាងលើ​​ជិះ​ម៉ូតូទៅ​ដក​លុយ​នៅផ្ទះ​វី​ង​​បាន​ទុក​ម៉ូតូ​នៅ​​ក្បែរ​ផ្ទះ​វី​ង​នោះ​។​ពេល​រវល់​ដក​លុយស្រាប់តែ​​ជនសង្ស័យ​លួច​យក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​ក៏​បាន​ស្រែក​ឆោឡោ​​ភ្ញាក់ផ្អើលពលរដ្ឋជួយដេញ ចាប់បានយកប្រគល់ឱ្យ​សមត្ថកិច្ចតែ​ម្តង​៕ដោយ៖វិចិត្រ