សន្ដិសុខសង្គម

ឆេះផ្ទះនិងសម្ភារទ្រព្យសម្បត្តិអស់ទាំងស្រុងប្រមាណជាង១ម៉ឺនដុល្លារ

កណ្ដាល៖អគ្គិភ័យបានឆេះបំផ្លាញផ្ទះមួយខ្នងជាមួយសម្ភារទ្រព្យសម្បត្តិអស់ទាំងស្រុងនៅភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៩ ខែមករា។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ​៦ម៉ែត្រគុណ៨ម៉ែត្រ សង់ពី​ឈើប្រក់​ស័ង្កសី ​ថ្មខាងក្រោម​ ម្ចាស់​ឈ្មោះ​ វូ​ សាវី​ និងប្រពន្ធឈ្មោះ​ អ៊ន​ ចាន់នន​។ក្នុងគ្រោះអគ្គិភ័យនេះបណ្ដាលឱ្យខូចខាត-សម្ភារប្រើប្រាស់និងទ្រព្យសម្បត្តិជាច្រើនជាមួយផ្នែកខាងលើ​និងផ្ទះបាយបានឆេះអស់ទាំងស្រុង។ក្នុងនោះមានប្រាក់​ដុល្លារចំនួន៧.០០០ដុល្លារនិងលុយខ្មែរចំនួន១.២០០.០០០រៀល។

ពេលកំពុងភ្លើងឆេះ កម្លាំងនគរបាលស្រុកពញាឮ សហការជាមួយកម្លាំងនគរបាលស្រុកឧដុង្គ បានទៅជូយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកចំនួន២គ្រឿង។មូលហេតុបង្កជាអគ្គិភ័យខាងលើនេះគឺបណ្ដាលមកពីផ្ទុះចង្ក្រានហ្គាស៕ដោយ៖វិចិត្រ