អន្តរជាតិ

អាហ្វហ្គានីស្ថានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនបូមយកប្រេង

អាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងរបស់តាលីបង់ បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន​អនុញ្ញាតឲ្យធ្វើកន្លែងបូមយកប្រេងនៅខេត្តភាគខាងជើងនៃប្រទេស។

កិច្ចសន្យានេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋមន្ត្រីស្តីទីក្រសួងរ៉ែ និងប្រេងតាលីបង់ លោក Sheikh Shahabuddin Delawar និងមន្ត្រីនៃក្រុមហ៊ុនចិន Xinjiang Central Asia Petroleum and Gas Co (CAPEIC) នៅក្នុងពិធីមួយដែលធ្វើឡើងនៅក្នុងរដ្ឋធានីកាប៊ុល។ វាគឺជាកិច្ចព្រមព្រៀងទាញយក​ធនធានរបស់ជាតិដ៏សំខាន់ដំបូងគេដែលរដ្ឋបាលតាលីបង់បានចុះហត្ថលេខាជាមួយក្រុមហ៊ុនបរទេសចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០២១។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីស្តីទីតំណាងអាហ្វហ្គានីស្ថាន លោក Mullah Abdul Ghani Baradar និងឯកអគ្គរដ្ឋទូតចិន​ប្រចាំប្រទេសអាហ្វហ្គានីស្ថាន Wang Yu ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា​នោះផងដែរ។

បើតាមប្រភពដដែល មន្រ្តីស្តីទី លោក Delawar បានមានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនចិននឹងទាញយកប្រេងពីតំបន់ខេត្តភាគខាងជើង Sar-e Pul, និង Jawzjan និង Faryab ក្នុងទំហំផ្ទៃដីសរុប ៤៥០០ គីឡូម៉ែត្រក្រឡា ខណៈវានឹងក្លាយជាកម្មសិទ្ធិសមូហភាពរបស់រដ្ឋ។ មន្រ្តីតាលីបង់រូបនេះបានបន្តថា​៖ “​ប្រជាជន​ក្នុង​តំបន់​ជាង ៣ ពាន់​នាក់​នឹង​ទទួល​បាន​ការងារ​ធ្វើពី​គម្រោង​នេះ ខណៈដែលការវិនិយោគចិននឹងកើនឡើងរហូតដល់ ៥៤០ លានដុល្លារត្រឹមរយៈពេល ៣ ឆ្នាំ ទាំងដែលដែលកិច្ចសន្យាដែលបានចុះវែងដល់ទៅ ២៥ ឆ្នាំឯណោះ។

ជាការឆ្លើយតប បេសកជនចិនបានហៅកិច្ចព្រមព្រៀងនេះមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច​នៃប្រទេសដែលហែកហួរដោយសង្រ្គាម និងជាជំហានវិជ្ជមានឆ្ពោះទៅរកទំនាក់ទំនងជិតស្និទ្ធរវាង​ទីក្រុងកាប៊ុល និងទីក្រុងប៉េកាំង។ លោក Wang Yu បាននិយាយថា “កិច្ចសន្យាប្រេង Amu Darya គឺជាគម្រោងដ៏សំខាន់មួយរវាងប្រទេសចិននិងអាហ្វហ្គានីស្ថាន”។ សូមរំលឹកជាថ្មីថា ចាប់តាំងពី​រដ្ឋបាលតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន នៅពេលអាម៉េរិកបានដកទ័ពមក ពួកគេមិនទាន់ត្រូវបានអន្តរជាតិទទួលស្គាល់ជារដ្ឋាភិបាលស្របច្បាប់នៅឡើយទេ ដោយសារការ​រំលោភសិទ្ធិស្រ្តី និងកុមារ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា