ព័ត៌មានជាតិ

ជំនាញចាប់ផ្តើមបង្ហូរទឹករៀបចំច្រាំងស្ទឹងសម្អាតបរិស្ថានជំរុញវិស័យទេសចរណ៍

បាត់ដំបង៖មកទល់នឹងថ្ងៃទី៩ ខែមករាឆ្នាំ២០២៣នេះ មន្ត្រីជំនាញនៃមន្ទីរធនធានទឹកឧតុនិយម​ខេត្តបាត់ដំបង បានចាប់ផ្តើមបិទទ្វារទឹកនៅទំនប់ស្ទាក់ទឹកពហុបំណងសេកសកស្ទើរតែស្រុងហើយ។

ការបិទទ្វារទឹកនេះដើម្បីទុកលទ្ធភាពដល់ក្រុមបច្ចេកទេសបានរៀបចំកែលម្អច្រាំងស្ទឹងប្រមាណជិត៥កន្លែងនៅក្នុងស្រុក ក្រុងមួយចំនួនដែលមានទីតាំងនៅតាមដងស្ទឹងសង្កែឱ្យមានភាពរឹងមាំនិង​ស្រស់ស្អាតឡើងវិញ។ទន្ទឹមនឹងការបិទទ្វារអាងស្តុកទឹកនៅផ្នែកខាងលើ ទំនប់ស្ទាក់ទឹកសាលាតាអន ដែលនៅខាងក្រោមក្នុងស្រុកឯកភ្នំ ក៏បានបើកទ្វារទម្លាក់ទឹកចុះទៅប៉ែកបឹងទន្លេសាបផងដែរ។បច្ចុប្បន្នទឹកស្ទឹងសង្កែមានកម្ពស់ប្រហាក់ប្រហែល២ទៅ៣ម៉ែត្រឬតិចជាងនេះ ពិសេសនៅប៉ែកខាងលើ។

ការរៀបចំកែកម្អលើកកម្ពស់សោភ័ណភាពដងស្ទឹងសង្កែកន្លងមក អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានជំរុញដល់បណ្តាអាជ្ញាធរមូលដ្ឋានជាប់ដងស្ទឹងចំនួន៥ក្រុង ស្រុករួមមាន៖ ក្រុងបាត់ដំបង-ស្រុកបាណន់-ស្រុកសង្កែ-និងស្រុកឯកភ្នំ។ក្នុងនោះថែមទាំងបំផុសប្រជាពលរដ្ឋ​ឱ្យចូលរួមក្នុងយុទ្ធនាការប្រមូលសំរាម និងពន្លឿនចុះណែនាំដល់ពលរដ្ឋទាំងអស់ចូលរួម​ថែរក្សាអនាម័យ​កុំឱ្យចោលសំរាមក្នុងស្ទឹងសង្កែឬក្នុងព្រែក ប្រឡាយ បឹងបួទាំងឡាយសំដៅ​លើកស្ទួយមុខមាត់ក្នុងមូលដ្ឋានជៀសផុតពីជំងឺផ្សេងៗ។

លើកកម្ពស់ដល់វិស័យទេចរណ៍ឱ្យល្អប្រសើរទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមាន​ចំនួនកាន់តែច្រើនទ្វេឡើងថែមទៀត៕ដោយ៖ព្រះអង្គខ្មៅ