កីឡា

Chelsea ទិញកីឡាករខ្សែការពារម៉ូណាកូ Benoit Badiashileតម្លៃជាង ៤២លានដុល្លារ

ក្លិបបាល់ទាត់ Chelsea អង់គ្លេស បានសម្រេចយល់ព្រមចុះហត្ថលេខាទិញកីឡាករBenoit Badiashile អតីតខ្សែការពារក្លិបម៉ូណាកូក្នុងតម្លៃ ៣៥លានផោនស្មើនឹង ជាង៤២លានដុល្លារអាម៉េរិក។

បន្ទាប់ពីការព្រមព្រៀងទាំងសងខាង  លោក Benoit Badiashile អាយុ ២១ឆ្នាំមកពីក្លិប Monaco នឹងត្រូវទទួលបានការពិនិត្យសុខភាពជាមួយក្រុមតោខៀវនេះកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ Badiashile បានបង្ហាញខ្លួនចំនួន ១៣៥ លើកសម្រាប់ក្លិប Monaco និងបានចូលលេងឱ្យបារាំងចំនួន ២ ដង។ Badiashile ត្រូវបានគេចាត់ទុកថាជាខ្សែការពារកណ្តាលជើងឆ្វេងដ៏ល្អបំផុតម្នាក់នៅអឺរ៉ុប ហើយនេះជាទម្រង់លេងរបស់កីឡាករ Chelsea ចាប់តាំងពីរដូវក្ដៅមក។

Chelsea ក៏បានផ្តល់ការពិនិត្យសុខភាពដល់ខ្សែបម្រើ Andrey Santos វ័យ ១៨ ឆ្នាំ កាលពីថ្ងៃសៅរ៍ផងដែរ។ ចាប់តាំងពី Todd Boehly បានចូលកាន់កាប់ Chelsea ក្នុងខែឧសភា ឆ្នាំ ២០២២មក ក្លិបនេះបានបន្តយុទ្ធសាស្រ្តក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងៗដែលមានទេពកោសល្យខ្លាំងៗ។ តាមការរាយបញ្ជីនាមកីឡាករ៖ Wesley Fofana (២១ឆ្នាំ), Carney Chukwuemeka (១៩ឆ្នាំ), Cesare Casadei (១៩ឆ្នាំ), David Datro Fofana (២០ឆ្នាំ) និង Gabriel Slonina (១៨ឆ្នាំ)៕

ប្រភព៖ SKY NEWS