អន្តរជាតិ

មេដឹកនាំអង្គការណាតូព្រមានថា កុំមើលស្រាលរុស្ស៊ីឲ្យសោះ វាគ្រោះថ្នាក់ណាស់

ប្រធានអង្គការណាតូ លោក Jens Stoltenberg បានព្រមានគ្រប់ភាគី ពិសេសអ៊ុយក្រែន ចូរកុំឲ្យមើលស្រាលរុស្ស៊ីឲ្យសោះ វាគ្រោះថ្នាក់ណាស់ រុស្ស៊ីមិនខ្លាចនោះទេក្នុងការខាតបង់រយៈពេល​យូរ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងប្រាប់សន្និសីទធុរកិច្ចនៅក្នុងប្រទេស​ន័រវេស​នៅពាក់កណ្តាលសប្តាហ៍នេះថា “រុស្ស៊ីបានបង្ហាញពីឆន្ទៈដ៏អស្ចារ្យមិននឹកស្មានដល់ជុំវិញ​ការបាត់បង់ និងការរងទុក្ខក្នុងសង្រ្គាមរយៈពេលយូរ”។ លោកថា វានឹងគ្រោះថ្នាក់ណាស់ចំពោះការ​មើលស្រាលរុស្ស៊ី ជុំវិញសង្គ្រាមជិតមួយឆ្នាំនៅអ៊ុយក្រែន”។ ប្រាប់បន្ថែម “យើងមិនមានការចង្អុល​បង្ហាញថាប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានផ្លាស់ប្តូរផែនការ និងគោលដៅរបស់គាត់​យ៉ាងណានោះទេនៅក្នុងសង្រ្គាម បន្ទាប់។

ការព្រមាននេះ កើតឡើង ភ្លាមៗក្រោយទទួលបានដំណឹងថា អ៊ុយក្រែនទទួលបានជោគជ័យដ៏ធំ​នាដើមឆ្នាំ២០២៣ វាយប្រហារសម្លាប់បានទាហានរុស្ស៊ីជាច្រើននាក់នៅចំណុចភូមិសាស្រ្តម៉ាគីវកា ខេត្តដូណេត។ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាសង្គ្រាមដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាម​លោកលើកទី ២ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ បូករួមទាហានទាំងសងខាង។ របាយការណ៍​អាម៉េរិកបានអះអាងថា ទាហានរុស្ស៊ីដែលបានស្លាប់ ឬបាត់បង់ក្នុងសង្រ្គាម អាចមានក្នុងចំនួន​លើសពី១០ម៉ឺននាក់ហើយ ខណៈខាងអ៊ុយក្រែនក៏ប្រហាក់ប្រហែលគ្នាដែរ ទោះបីថ្មីៗនេះ ប្រមុខរដ្ឋមន្រ្តី​ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខាងខ្លួនមានស្លាប់ត្រឹមតែ ៥.៩៣៧នាក់ក៏ដោយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា