កម្សាន្ដ

មហោស្រពរូបចម្លាក់ព្រិលទឹកកកអន្តរជាតិ Harbinលើកទី ៣៩ នៅចិនចាប់ផ្តើម

មហោស្រពរូបចម្លាក់ព្រិលទឹកកកអន្តរជាតិហារប៊ីនលើកទី ៣៩ នៅខេត្តឦសានប្រទេសចិនបានកំពុងបើកទទួលភ្ញៀវទេសចរហើយនៅក្នុងសប្តាហ៍ដំបូងខែមករា ឆ្នាំ២០២៣នេះ។

ដោយមើលឃើញការកើនឡើងនៃចំនួនមនុស្សទៅទស្សនាសួនទឹកកកនៅតំបន់ Polarpark នៅទីក្រុង Harbin រដ្ឋធានីនៃខេត្ត Heilongjiang ភាគឦសានប្រទេសចិន លោក Zhang Jiwei ប្រធានផ្នែកទីផ្សាររបស់ឧទ្យាននេះកាន់តែមានទំនុកចិត្តលើការសម្តែងបន្ថែមរបស់ឧទ្យានរដូវរងា។

ហាប៊ីនមានភាពល្បីល្បាញណាស់ដោយសារតែធនធានទឹកកក និងព្រិលដ៏សម្បូរបែបស្រស់ស្អាតរបស់វា។ ប្រធានទីផ្សាបាននិយាយថា រដូវរងាឆ្នាំនេះ ទីក្រុងបានបើកសួនកម្សាន្តទឹកកក និងព្រិលចំនួន ៣ កន្លែង បានចាប់ផ្តើមផលិតផលបទពិសោធទឹកកក និងព្រិលចំនួន ១២ និងផ្លូវទេសចរណ៍ចំនួន ១០ ហើយបានបង្កើតសកម្មភាពពាក់ព័ន្ធជាង ១០០កន្លែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ទេសចរណ៍រដូវរងា វប្បធម៌ ម៉ូដ និងកីឡាអន្តរជាតិ។

យោងតាមបណ្តាញស៊ីនហួរ បានឲ្យដឹងថាទោះបីជាសីតុណ្ហភាពអាចធ្លាក់ចុះក្រោមដក ២០អង្សារសេក៏ដោយ សំឡេងស្រែកនៃក្ដីរីករាយ និងរលកនៃការសើចក៏នៅតែត្រូវបានឮនៅក្នុងឧទ្យានយ៉ាងកងរំពង។ Liu Shuang អ្នកទេសចរមកពីទីក្រុងជាប់គ្នានោះ Tianjin ដែលបានមក Harbin ជាមួយស្វាមីបាននិយាយថា “យើងមានគម្រោងប្រារព្ធពិធីចូលឆ្នាំថ្មីនៅទីនេះ។ កាន់តែត្រជាក់ វាកាន់តែរីករាយ”។

ប្រទេសចិនបានកត់ត្រាភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៥២.៧ លាននាក់មកទស្សនាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំថ្មីរយៈពេល ៣ ថ្ងៃ កើនឡើង ០.៤៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមក្រសួងវប្បធម៌ និងទេសចរណ៍។ ប្រាក់ចំណូលពីទេសចរណ៍ដែលរកបានក្នុងឱកាសបុណ្យជាតិបានឈានដល់ជាង ២៦.៥ ពាន់លានយន់ (ប្រហែល ៣.៨ ពាន់លានដុល្លារ) កើនឡើង ៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព៖ XINHUA.NET