បច្ចេកវិទ្យា

ណាសាអាម៉េរិកព្រមានថា ចិនអាចនឹងទាមទារដណ្តើមយកដីឋានព្រះចន្ទនាពេលអនាគត

ទីភ្នាក់ងារវិទ្យាសាស្រ្តណាសាអាម៉េរិក បានព្រមានថា ប្រទេសចិនអាចនឹងទាមទារដណ្តើមយកដីឋាន​ព្រះចន្ទនាពេលអនាគត ខណៈពួកគេកំពុងប្រកួតប្រជែងយកឈ្នះ វិស័យអវកាស។

យោងតាមសារព័ត៌មាន Politico អ្នកគ្រប់គ្រងកំពូលរបស់អង្គការ NASA លោក Bill Nelson បាននិយាយនៅខែមករានេះថា សហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងការប្រណាំងអវកាសថ្មីជាមួយប្រទេសចិន ហើយប្រសិនបើចិនឈ្នះ នោះវានឹងអាចបណ្តាលឱ្យប្រទេសនេះទាមទារ “កាន់កាប់” យកនូវទំហំដីដ៏ធំនៃភពព្រះចន្ទ។ “វាអាចទៅរួចទាំងស្រុងដែលប្រទេសចិននឹងបិទតំបន់​ដែលសម្បូរទៅដោយ​ធនធានល្អៗបំផុតនៃផ្ទៃព្រះចន្ទ ប្រសិនបើពួកគេបង្កើតវត្តមាននៅទីនោះមុនគេ”។ Nelson បានបន្តប្រាប់អ្នកយកព័ត៌មានទៀតថា “វាជាការពិត៖ យើងកំពុងប្រណាំងប្រជែងក្នុងលំហ។ ពួកយើងប្រយ័ត្នប្រយែងណាស់ ខ្លាចថាចិនអាចបានទៅដល់កន្លែងមួយនៅលើព្រះចន្ទ ក្រោមការដឹកនាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រពួកគេមុនយើង”។

Nelson ​កត់សម្គាល់ថា និងចង្អុលប្រៀបធៀបទៅនឹងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលចិនតែងតែទាមទារអធិបតេយ្យភាពលើតំបន់ដែលជាកម្មសិទ្ធិរបស់ប្រទេសដទៃ ខណៈចិននឹងប្រើពាក្យ “នេះជាទឹកដីរបស់យើង ចូរ​ចេញ​ទៅ យើង​នៅ​ទី​នេះ​”។ គួរសង្កេតថា កម្មវិធីអវកាសរបស់ចិន សព្វថ្ងៃនេះហាក់កំពុងរីកចម្រើនយ៉ាងខ្លាំង រហូតបានទទួលជោគជ័យ​ក្នុងការបង្កើតស្ថានីយអវកាសថ្មីឯកជនផ្ទាល់ខ្លួនមួយកាលពីដើមឆ្នាំ២០២២។ តែយ៉ាងណាចំពោះអង្គការ​ណាសា​អាម៉េរិកវិញក៏មិនអន់ជាងគ្នាប៉ុន្មានដែរ ដោយបាននិងកំពុងធ្វើការលើបេសកកម្មស៊េរី Artemis របស់ខ្លួនទៅកាន់ឋានព្រះចន្ទ៕

ប្រភព៖ New York Post

ប្រភពរូប៖New York Post
ប្រែសម្រួល៖សុខ តុលា