សន្ដិសុខសង្គម

​ផ្ទុះអាវុធ​ច្រើន​គ្រាប់​ បណ្តាលឱ្យមន្ត្រីនគរបាលសក្តិ៤ម្នាក់ស្លាប់​

ភ្នំពេញ៖ ព័ត៌មានបន្ថែមៈ ពេលបង្ក្រាបគ្រឿងញៀនមានករណីផ្ទុះអាវុធពីក្រុមជនសង្ស័យជាច្រើនគ្រាប់ បាញ់មកលើកងកម្លាំង បណ្តាលឱ្យមន្ត្រីនគរបាលសក្តិ៤ម្នាក់បានស្លាប់។ហេតុការណ៍​នេះបានកើតឡើង នៅ​បុរី​​មួយ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីនគរបាល​បាត់បង់ជីវិត​ឈ្មោះ ម៉ិច ឆាយ​ភី​វ័យ អាយុ​៣៤​ឆ្នាំឋានន្តរសក្ដិ វរសេនីយ៍ត្រី តួនាទី​នាយ​រង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ ​ក​៩.៣ ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀនអគ្គស្នងការ​នគរបាល​ជាតិ មានទីកំណើត​​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

មុន​កើតហេតុ ​កម្លាំង​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ ​ក​៩.៣ បាន​ចុះបង្ក្រាបករណីគ្រឿងញៀនក្នុងបុរីមួយ នៅសង្កាត់ព្រៃស។ជនសង្ស័យ​មួយ​ក្រុមបានដឹង​ខ្លួន​ក៏ប្រើ​​កាំភ្លើង​បាញ់​ជាច្រើនគ្រាប់លើ​កងកម្លាំង​​​​ចំ​​ត្រង់ក នាយ​រង​ការិយាល័យ​ម្នាក់រងរបួសធ្ងន់ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​ជនរង​គ្រោះ​បានស្លាប់​​បាត់ទៅហើយ​។

បន្ទាប់​ពី​​បាញ់​សមត្ថកិច្ច​រួច​ហើយ ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក TOYOTA ALPHARD ផ្លាក​លេខ ភ្នំពេញ 2BG-0366 នាំ​បក្ខពួក​រត់គេច រហូត​ដល់​​ផ្លូវ​​៦០​ម៉ែត្រ សមត្ថកិច្ច​ខណ្ឌដង្កោ​ក៏បានឃាត់​រថយន្ដ​និងចាប់​ជនសង្ស័យ​​​៣​នាក់។ក្នុង​នោះ​មាន​ស្រី​ម្នាក់និង​ដកហូត​រថយន្ត​មួយ​គ្រឿង​យកសាកសួរទើប​ដឹង​ថា ជន​ដៃដល់​​ដែល​​បាញ់​នគរបាលឱ្យស្លាប់ជា​ជនបរទេសបាន​ចុះ​ពីលើ​រថយន្តនៅ​ម្តុំ​វត្ត​ហារ ហើយរត់គេច​ខ្លួន​បាត់​។សមត្ថកិច្ចឆែកឆេររកឃើញ៖កាំភ្លើង៣ដើមនិងសម្ភារពាក់ព័ន្ធបទល្មើស មួយចំនួន ហើយនាំជនសង្ស័យទាំងនោះទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ