អន្តរជាតិ

ព្យុះព្រិលរដូវរងាបន្តសម្លាប់មនុស្ស ៦៣ នាក់ទូទាំងសហរដ្ឋអាម៉េរិក

មនុស្សស្លាប់នៅទូទាំងសហរដ្ឋអាម៉េរិកដោយសារព្យុះព្រិលរដូវរងា បានកើនឡើងដល់ទៅជាង​៦០នាក់នៅថ្ងៃពុធនេះ ខណៈដែលព្រិលបានបន្តធ្លាក់ចុះក្នុងកម្រាស់ដល់ទៅជាង១ម៉ែត្រ។

យោងតាមការបូកសរុបទិន្នន័យចុងក្រោយដោយបណ្តាញ NBC News គិតត្រឹមថ្ងៃពុធទី២៨ ខែធ្នូ ឆ្នាំ២០២២នេះបានឲ្យដឹងថា អ្នកស្លាប់ដោយព្យុះរដូវរងាបានកើនឡើង ៦៣នាក់ មកពីទូទាំងសហរដ្ឋអាម៉េរិក ខណៈរដ្ឋខ្លះសីតុណ្ហភាពបានធ្លាក់ចុះទាបគួរឲ្យកត់សម្គាល់ ដូចជារដ្ឋ Montana រដ្ឋ Pennsylvania និង Wyoming ពិសេសនៅក្នុងតំបន់ Buffalo នៃទីក្រុងញូយ៉ក​ ដោយអ្នកស្លាប់តែក្នុងតំបន់នេះប៉ុណ្ណោះមានដល់ទៅចំនួនជាង៣០នាក់ទៅហើយ ចំណែកព្រិលវិញបានធ្លាក់ចុះក្នុងកម្រាស់ជាង៥០អ៊ីញស្មើនឹងប្រមាណជាង១ម៉ែត្រ។ ដូចបានជម្រាបនាពេលថ្មីៗនេះ អ្នកស្លាប់មានករណីខុសៗគ្នា ខ្លះដោយសារគ្រោះថ្នាក់ចរចរ និងខ្លះមានបញ្ហាសុខភាព។

អភិបាលក្រុងញូវយ៉ក Kathy Hochul ដែលមានដើមកំណើតនៅតំបន់ Buffalo រងគ្រោះខ្លាំងជាងគេ បាននិយាយថា “វាហាក់ដូចជាតំបន់សង្រ្គាមអ៊ីចឹង ហើយយានយន្តនៅតាមសងខាងផ្លូវត្រូវបានកប់ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់”។ ព្យុះនេះបានធ្លាក់ចុះក្នុងប្រវត្តិសាស្ត្រ ដែលជាការបំផ្លិចបំផ្លាញ​មិនធ្លាប់មាន ខណៈជើងហោះហើរសរុបប្រហែល២០.០០០ជើងត្រូវបានលុបចោលនៅចុងសប្តាហ៍។ នេះបើយោងតាមគេហទំព័រតាមដានការហោះហើរ FlightAware.com។ ជាការអន្តរាគមន៍ ប្រធានាធិបតី Joe Biden បានអនុម័តសេចក្តីប្រកាសគ្រាអាសន្ន និងអនុញ្ញាតឱ្យមានការឆ្លើយតបពីជំនួយធានារ៉ាប់រង​សហព័ន្ធFEMA៕

ប្រភព៖ NBC NEWS

ប្រភពរូប៖NBC NEWS
ប្រែសម្រួល៖សុខ តុលា