អន្តរជាតិ

រុស្ស៊ីដាក់ឱសានវាទចុងក្រោយឲ្យអ៊ុយក្រែន រំសាយទ័ពបើមិនចង់ឲ្យខ្លួនចាត់ការ

រដ្ឋាភិបាលរុស្ស៊ី បានដាក់ឱសានវាទចុងក្រោយឲ្យអ៊ុយក្រែនរំសាយទ័ពលើទឹកដីដែលខ្លួនគ្រប់គ្រង បើមិនធ្វើតាមទេ ទ័ពរុស្ស៊ីនឹងសម្រេចជោគវាសនាអ៊ុយក្រែនហើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS ចេញផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ពិតជាបានផ្តល់ឱសានវាទដល់អ៊ុយក្រែនបែបនេះ​ពិតប្រាកដមែន។ ក្នុងសេចក្តីលម្អិតនៃឱសានវាទបាននិយាយថា អ៊ុយក្រែនត្រូវតែបំពេញតាមការ​ទាមទារ​របស់ទីក្រុងមូស្គូ រួមទាំងការចុះចាញ់រំសាយទ័ពលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីគ្រប់គ្រងនៅ​ពេលនេះ។ សម្រង់សម្ដីផ្ទាល់ លោក Lavrov  បានហៅទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីគ្រប់គ្រង​បច្ចុប្បន្នថាជាទឹកដីថ្មីរបស់ខ្លួន ដោយថា “សំណើរបស់យើងចង់ឲ្យអ៊ុយក្រែនរំសាយកងទ័ព និងដកចេញនូវការបំផ្លិចបំផ្លាញនៃទឹកដីដែលគ្រប់គ្រងដោយអ្នក ការលុបបំបាត់ការគំរាមកំហែង​ដល់សន្តិសុខរបស់រុស្ស៊ីចេញពីទីនោះ រួមទាំងទឹកដីថ្មីរបស់យើង”។

Lavrov បានសង្កត់ធ្ងន់ប្រាប់អ៊ុយក្រែនទៀតថា នេះជាវិធី “សាមញ្ញៗ គ្រាន់តែបំពេញវា​ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ បើ​មិន​ដូច្នេះ​ទេ បញ្ហា​នឹង​ត្រូវ​សម្រេច​ដោយ​កងទ័ព​រុស្ស៊ី ជោគវាសនាអ៊ុយក្រែននឹងត្រូវបានសម្រេចដោយកងកម្លាំងរុស្ស៊ី”។ ប្រាប់ជាចុងក្រោយទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយជុំវិញរយៈពេលជម្លោះថាតើនឹងអូសបន្លាយយូរប៉ុនណា Lavrov ថា “បាល់គឺស្ថិតនៅក្នុងតុលាការរបស់របបទីក្រុងកៀវ ខណៈទីក្រុងវ៉ាស៊ីនតោននៅពីក្រោយ”។ គួរកត់សម្គាល់ថា ការលើកឡើងរបស់រុស្ស៊ីនេះ កើតឡើងក្នុងពេលដែលសមរភូមិនៅភាគ​ខាងកើតអ៊ុយក្រែនកំពុងដំណើរការទៅយ៉ាងខ្លាំងក្លា ហ្សេឡិនស្គីថ្លែងនៅយប់ថ្ងៃចន្ទថា ទ័ពអ៊ុយក្រែនកំពុងពិបាកទប់ទល់ ត្រូវតែមានការបន្ថែមកម្លាំង និងយុទ្ធសាស្រ្តផ្តោត។

យ៉ាងណាក៏ដោយជាការប្រតិកម្ម សហរដ្ឋអាម៉េរិកបានចាត់ទុកការសម្រេចរបស់រុស្ស៊ីថា​មិនសមរម្យទាល់តែសោះ ហើយការចង់ចរចារបស់ពូទីនគឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា