សេដ្ឋកិច្ច, សុខភាព

វេជ្ជបណ្ឌិត ម៉ៅ ដា​នី នាំ​ក្រុមគ្រូពេទ្យ​មក​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ដោយ​មិន​គិតថ្លៃ​

​ភ្នំពេញ​៖ លោកស្រី វេជ្ជបណ្ឌិត ម៉ៅ ដា​នី​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​និង​ពិនិត្យ​រោគ​ស្ត្រី​បាន​នាំ​ក្រុមគ្រូពេទ្យ​ម​ពិនិត្យ​ព្យាបាល​ និង ​ប្រឹក្សា​យោបល់​​ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ដោយ​មិន​គិតថ្លៃ​រយៈពេល​មួយថ្ងៃ​ពេញ គឺ​នា​ថ្ងៃទី​២៥​ខែ ធ្នូ ឆ្នាំ​២០២២​។​

​ប្រជាពលរដ្ឋ​ជិត​២០០​នាក់ មកពី​សង្កាត់​ផ្សេងៗ​នៃ​ខណ្ឌ​ព្រែក​ព្នៅ បាន​អញ្ជើញ​មក​ទទួល​ការពិនិត្យ​ព្យាបាល​ដោយ​សេចក្តី​រីករាយ​និង​ពេញចិត្ត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ក្រុមគ្រូពេទ្យ និង អាជ្ញាធរ​មូលដ្ឋាន​។​

លោក ធី​ម សំអាន អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា​៖​លោកស្រី​វេជ្ជបណ្ឌិត ម៉ៅ ​ដា​នី​ បាន​នាំ​ក្រុមគ្រូពេទ្យ​មក​ព្យាបាល​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សំរោង​មិន​គិតថ្លៃ​។​ការព្យាបាល​នេះ​ផ្ដោតទៅលើ​រោគ​ស្ត្រី​និង​ជំងឺ​ទូទៅ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​នាក់​។​ក្នុងនាម​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ លោក​សូម​ថ្លែងអំណរគុណ​អស់ពី​ចិត្ត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ក្រុមគ្រូ​ពេទ្យ​​ជាពិសេស​លោកស្រី​វេជ្ជបណ្ឌិត​ម៉ៅ ដា​នី​។​

​លោក​បាន​មានប្រសាសន៍​ទៀតថា​៖​ជំងឺ​ស្ត្រី​ឬរោគ​ស្ត្រី​គឺជា​ជំងឺ​ដែល​គួរ​យកចិត្តទុកដាក់​។​លោក​បាន​សំណូមពរ​ដល់​ស្ត្រី​ទាំងអស់​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​យកចិត្តទុកដាក់​ពិនិត្យ​សុខភាព​និង​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​។​ជាពិសេស​នៅ​រដូវ​ធ្លាក់​ខ្យល់​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រយ័ត្នប្រយែង​ថែទាំ​សុខភាព​ឱ្យ​បានល្អ​ដើម្បី​ជៀសវាង​ជំងឺ​ដ​ម្កា​ត់​ផ្សេងៗ​។​

​លោកស្រី​វេជ្ជបណ្ឌិតម៉ៅ ដា​នី បាន​លើកឡើងថា​៖​ជំងឺ​ស្ត្រី​តែងតែ​កើតឡើង​នៅ​កម្ពុជា​ដូចជា​ជំងឺ​កាម​រោ​និង​រោគ​ផ្សិត​ជាដើម​លោកស្រី​មក​​ទីនេះ​មិន​ត្រឹមតែ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​នោះទេ តែ​បាន​ពន្យល់​និង​ផ្ដល់​ការប្រឹក្សា​យោបល់​អំពី​ការថែទាំ​សុខភាព​ជាពិសេ​ស​​រោគ​ស្ត្រី និង​សុខភាព​ផ្លូវភេទ​។​កាលណា​សុខភាព​ផ្លូវភេទ​និង​រាងកាយ​មាំមួន​ល្អ​វា​នឹង​ផ្ដល់​សុភមង្គល​និង​មិន​ខាតបង់​ថវិកា​លុយកាក់​និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​លោកស្រី​បាន​បន្តថា​៖​រោគ​ស្ត្រី​អាច​ប៉ះពាល់​ដល់​ស្ត្រី​ខ្លាំងស្ត្រី​ត្រូវ​ហ៊ាន​បើកចំហ​និយាយ​ពី​បញ្ហា​ស្ត្រី​កុំខ្មាសអៀន។​

លោកស្រី​វេជ្ជបណ្ឌិត បានឱ្យដឹងថាៈ​លោកស្រី​មាន​គោលដៅ​បន្តបន្ទាប់​ទៀត​ដើម្បី​ចុះជួយ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​រាល់​២​ខែម្ដង​ដោ​យ​​​ឥតគិតថ្លៃ​។​លោកស្រី​នឹង​យក​បទពិសោធន៍​ព្យាបាល​រោគ​ស្រី្ត​ដែលមាន​ជាង​១០​ឆ្នាំ​ចែករំលែក​ចំណេះដឹង​និង​វិធីសាស្ត្រ​ថែរក្សា​សុខ​ភាព​​​ក៏ដូចជា​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ជំនាន់​ថ្មីៗ​។​ស្ត្រី​និង​យុវវ័យ​សម័យថ្មី​គួរតែ​ឈប់​អៀនខ្មាស់​មក​ពិនិត្យ​ពិគ្រោះ​ឆែក​សុខភាព​ផ្លូវ​ពេទ្យ​។​

​លោក ប៉ាង ​សុផល អាយុ​៧៨​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​កណ្ដាល​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ដែល​បានមក​ទទួល​ការ​ពិនិត្យ​​​សុខភាព​ជាតិ​ស្ករ​និង​ទទួល​ឱសថ​ពី​គ្រូពេទ្យ​បាន​មានប្រសាសន៍ថា​៖​លោក​យល់ឃើញថា​ការ​មក​ពិនិត្យ​សុខភាព​របស់​ក្រុមគ្រូពេទ្យ​ជា​ការ​​ល្អប្រសើរ​ណាស់​សម្រាប់​មនុស្ស ចាស់​ដែលមាន​រោគា​នៅក្នុង​ខ្លួន​ជាពិសេស​មិន​គិតថ្លៃ​ទៀតផង​។​លោក​សំណូមពរ​ឲ្យ​មាន​ការចុះ​ពិនិត្យ​សុខភាព​ដូច្នេះ​ដល់​ប្រជាពលរដ្ឋ​ព្រោះ​ប្រជាពលរដ្ឋ​ត្រេកអរ​ណាស់​ដែល​ពិនិត្យ​សុខ​ភាពមិន​គិតថ្លៃ​ដូច្នេះ​។​

​លោកស្រី ដួង ជឿន នៅ​ភូមិ​សំរោង​ជើង ឃុំ​សំរោង សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​បានឱ្យ​CFN​ដឹងថា​៖​គាត់​បានមក​ពិនិត្យ​សុខភាព​នៅទីនេះ​ដោយសារ​លោកស្រី​ឈឺ សន្លាក់​និង​ចុក​ឆ្អឹងខ្នង​។​បន្ទាប់​បន្ទាប់ពី​ការត្រួតពិនិត្យ​សុខភាព​រួច លោកស្រី​បានទទួល​ថ្នាំ​សន្លាក់​ពិសា​។​

​លោកស្រី​បានលើកឡើង​ថា​៖​ការ​មក​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​នេះ​ជាការ​ល្អប្រសើរ​ណាស់​ដោយ​ប្រជាជន​បាន​ពិនិត្យ​សុខភាព​គ្រប់គ្នា​ជាពិសេស​មិន​ចំណាយ​លុយកាក់​។​លោកស្រី​ចង់​ឲ្យ​មាន​កម្មវិធី​ពិនិត្យ​សុខភាព​នេះ​ធ្វើឡើង​ឲ្យ​បាន​ច្រើនដង​។​

​លោកស្រី សេង គឺ​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​សំរោង​កណ្ដាល បាន​និយាយថា​គាត់​មក​ពិនិត្យ​ជំងឺ​ក្រពះ​ពោះវៀន​តាមរយៈ​ការជូនដំណឹង​ពី​ភូមិ​ឃុំ​។​ការពិនិត្យ​សុខភាព​នេះ​ល្អ​ណាស់​ព្រោះ​ប្រជាជន​បានដឹង​ពី​ជំងឺ​របស់ខ្លួន​និង​ទទួល​ការព្យាបាល​។​លោកស្រី​ក៏​សម្ដែង​នូវ​ការរីក​រាយ​​និង​បង្ហាញ​បំណង​ចង់​ឲ្យ​ក្រុមគ្រូពេទ្យ​មក​ពិនិត្យ​ទៀត​៕ដោយៈផាវី