សន្ដិសុខសង្គម

រថភ្លើងដឹកលើសចំណុះត្រូវអគ្គិភ័យឆេះក្បាលម៉ាស៊ីនពេលកំពុងបើកបរ

បាត់ដំបង៖រថភ្លើងដឹកលើសចំណុះ ត្រូវភ្លើងឆេះក្បាលម៉ាស៊ីនកំពុងបើកបរសង្ស័យអាចមកពី ក្បាលម៉ាស៊ីនតូចសណ្តោងទូច្រើនលើសកម្លាំង បណ្តាលឱ្យកកិតបែកផ្កាភ្លើងឆាបឆេះតែម្តង។

សមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ។

ក្បាលរថភ្លើងដែលភ្លើងឆេះជារបស់ក្រុមហ៊ុន ROYALRAILWAY អ្នកបើកបរឈ្មោះ ឆន ផាន់នី អាយុ៣១ឆ្នាំ នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

ពេលភ្លើងឆេះនោះសមត្ថកិច្ចស្រុកថ្មគោលបានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍បាញ់ទឹក ភ្លើងក៏រលត់ទៅវិញ ប៉ុន្តែក្បាលរថភ្លើងបានរងការខូចខាតយ៉ាងដំណំ។

ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានឱ្យដឹងថា មូលហេតុមកពីក្បាលរថភ្លើងម៉ាស៊ីនតូច សណ្តោងទូចំនួន១២ទូ។ក្នុងនោះទូនីមួយៗមានផ្ទុកស្រូវពេញសរុបទាំងអស់មានទម្ងន់៧២០ តោន គឺលើសកម្លាំងម៉ាស៊ីនបណ្តាលឱ្យម៉ាស៊ីនប្រឹងអូសកកិតចេញភ្លើងឆាបឆេះតែម្តង។តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនិងខូចខាតដល់ស្រូវឡើយ៕ដោយ៖វិចិត្រ