អន្តរជាតិ

បេឡារុស​និយាយ​ថា ប្រព័ន្ធ​កាំជ្រួច Iskander និង S400របស់​រុស្ស៊ី​ត្រៀម​ខ្លួនរួចរាល់​សម្រាប់​ការ​ប្រើប្រាស់

បេឡារុសនិយាយថា ប្រព័ន្ធកាំជ្រួច Iskander និង S400 របស់​រុស្ស៊ីបាញ់បានរាប់រយគីឡូម៉ែត្រ ឥឡូវនេះបានដាក់ពង្រាយរួចរាល់នៅបេឡារុសហើយ និងត្រៀមការប្រើប្រាស់គ្រប់ភារកិច្ច ដែលចង់បាន។

យោងតាមលោក Leonid Kasinsky ដែលជាប្រធាននាយកដ្ឋានមនោគមវិជ្ជានៅក្រសួង ការពារជាតិបេឡារុស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធកាំជ្រួចយុទ្ធសាស្ត្រ Iskander និងប្រព័ន្ធការពារដែនអាកាស S-400 ដែលរុស្ស៊ីបានដាក់ពង្រាយនៅបេឡារុស ត្រូវបានរៀបចំយ៉ាងពេញលេញ ដើម្បីបំពេញភារកិច្ចដែលចង់បានចាប់ពីថ្ងៃអាទិត្យទី ២៥ ខែធ្នូតទៅ។ សម្រង់សម្ដី “ទាហានរបស់យើង ក្រុមនាវិកបានបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេយ៉ាងពេញលេញនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធរួមគ្នានៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស” ។

វីដេអូ​ត្រូវ​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​កាល​ពី​ថ្ងៃ​អាទិត្យ បង្ហាញឲ្យឃើញពី “ប្រភេទអាវុធទាំងនេះ គឺប្រព័ន្ធ Iskander និង S-400 កំពុងបំពេញកាតព្វកិច្ចប្រយុទ្ធនៅថ្ងៃនេះ ហើយពួកគេត្រូវបានរៀបចំ យ៉ាងពេញលេញដើម្បីបំពេញភារកិច្ចសម្រាប់គោលបំណងរបស់ពួកគេ”។ មិនមានប្រភពណាបានរៀបរាប់លម្អិតពីចំនួននៃប្រព័ន្ធទាំងពីរខាងលើទេ គ្រាន់តែដឹងថាការប្រកាសនេះបានធ្វើឡើង​បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីខែមិថុនាថា ទីក្រុងមូស្គូនឹងផ្គត់ផ្គង់ទីក្រុង Minsk ជាមួយនឹងប្រព័ន្ធ Iskander និងប្រព័ន្ធការពារដែនអាកាស។ ការដាក់ពង្រាយនេះ នឹងនាំឲ្យមានភាពតានតឹងបន្ថែមទៀត ដល់សមាជិកណាតូ ពិសេសអ៊ុយក្រែនតែម្តង។ Iskander-M ដែលជាប្រព័ន្ធកាំជ្រួចដឹកនាំ ចល័តដែលមានឈ្មោះកូដ “SS-26 Stone”។ កាំជ្រួចរបស់ប្រព័ន្ធនេះអាចបាញ់បានឆ្ងាយណាស់ រហូតដល់​រយៈ​ចម្ងាយ​ ៥០០គីឡូម៉ែត្រ ខណៈ​អាច​ផ្ទុក​ក្បាល​គ្រាប់​ធម្មតា ឬ​នុយក្លេអ៊ែរ។ ចំណែកប្រព័ន្ធ S-400 វិញក៏មិនខុសគ្នាដែរ វាជាប្រព័ន្ធស្ទាក់ចាប់មីស៊ីលពីដីទៅអាកាស (SAM) ចល័តរបស់រុស្ស៊ី ដែលមានសមត្ថភាពអាចភ្ជាប់យន្តហោះ យន្តហោះគ្មានមនុស្សបើក ក៏ដូចជាកាំជ្រួចនាវា៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា