ចំណេះដឹង

តើចំណុចអន់ត្រង់ណាខ្លះដែលស្រ្តីមានហើយមិនចង់ឱ្យគេនិយាយប៉ះពាល់ដល់នាង?

ការនិយាយធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត ឬក៏ការនិយាយចំអន់ដោយការបន្តុះបង្អាប់គឺជារឿងមួយដែលស្រ្តីភាគច្រើនមិនចូលចិត្តសោះឡើយ។ពេលខ្លះគ្រាន់តែនិយាយអាចបង្កឱ្យមានការអាក់អន់ចិត្ត និងពេលខ្លះទៀតអាចបង្កឱ្យមានរឿងរ៉ាវទំនាស់កើតឡើងទៀតផង។

តើចំណុចអន់ណាខ្លះដែលស្រ្តីតែងមិនចង់ឱ្យគេនិយាយទៅកាន់នាង?

*ធាត់

វាជាចំណុចរសើបដែលនាងមិនចង់ឮ ឬឱ្យនរណាម្នាក់និយាយដល់ខ្លួនទេ។វាធ្វើឱ្យនាងស្តាប់ហើយ តែងអាក់អន់ស្រពន់ចិត្តដោយសារតែវាទាក់ទិនទៅនឹងសម្រស់។មានស្រ្តីច្រើនណាស់តែងខ្លាចនូវពាក្យរិះគន់មួយនេះ ហើយនាងតែងជំនះនូវការបញ្ចុះទម្ងន់ តែក្នុងចំណោមនេះក៏មានអ្នកជោគជ័យនិងបរាជ័យ។ ហេតុនេះបើដឹងថានាងធាត់មិនត្រូវនិយាយលែបខាយសម្តីឌឺដងនាំតែកើតនូវរឿងរ៉ាវមើលមុខគ្នាមិនចំប៉ុណ្ណោះ។

*សុដន់ធំជ្រាយ និងធ្លាក់យា

នេះគឺជារឿងមួយទៀតដែលស្រ្តីតែងមិនចង់ឮ ហើយក៏មិនចង់ឱ្យកើតមានចំពោះខ្លួនដែរ។ហេតុនេះបើនិយាយឮដល់ត្រចៀកនាងភ្លាមនោះកំហឹងអាចនឹងកើតតបតឡើងភ្លាមៗដែរ។ចូរកុំរមាស់មាត់បើដឹងថានាងមានសភាពបែបនេះហើយក៏ដោយ ក៏មិនត្រូវនិយាយឡើងដែរ។ព្រោះថាការនិយាយនាំឱ្យតែប៉ះទង្គិចដល់អារម្មណ៍ និងធ្វើឱ្យនាងខូចចិត្តប៉ុណ្ណោះ។

 *កម្ពស់ទាបកន្តឿ ឬខ្ពស់ដូចត្នោតលៃ

បើស្រ្តីណាម្នាក់មានលក្ខណៈបែបនេះគឺពិតណាស់មិនបាច់នរណានិយាយចំអន់ទេគឺសូម្បីតែភ្នែកអ្នកដទៃក៏នាងមិនចង់ឱ្យគេសម្លឹងរកដែរ។បើមិនចង់មានរឿងដាក់ខ្លួនបុរសៗឬសូម្បីតែស្រ្តីមិនត្រូវអត់អផ្សុកមាត់និយាយចំអន់លេងឡើយ បើពុំនោះទេពិតជាពេលណាមួយនាងលែងនិយាយរកជាក់ជាពុំខាន។

*វ័យចំណាស់

បុរសៗត្រូវចងចាំថា ការភ័យ ខ្លាចមួយដែលស្ត្រីមិនអាចមើលរំលងទាល់តែសោះនោះគឺភាព វ័យ ចំណាស់របស់នាងបានឈានមកដល់។ ស្រ្តីដែលស៊ីវីល័យកាន់តែខ្លាចជាងស្រ្តីដទៃទៀត។ហេតុនេះបើចង់ឱ្យនាងសប្បាយចិត្ត ពុំគប្បីសាក សួររឿងអាយុឬចំអន់នាងទៅលើវ័យកាន់តែចាស់របស់នាង។

*នៅក្រមុំចាស់

ស្រ្តីវ័យចំណាស់ដែលនៅលីវគឺតែងឆាប់ទទួលរងការប៉ះទង្គិចណាស់ បើអ្នកដទៃ សូម្បីមិត្តភក្តិសាច់ញាតិនិយាយទៅកាន់នាងថានៅក្រមុំចាស់។ចូរកុំចង់ បង្កាត់ភ្លើងដោយការចំអន់នាងត្រង់រឿងមួយនេះ វាជាការបង្កការអាក់អន់ចិត្តឬដាក់ទណ្ឌកម្មផ្លូវចិត្តរបស់នាង៕

ប្រែសម្រួលពីឯកសារបរទេស

ដោយ៖ឧត្តម