សន្ដិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្តទំនើបចំពីក្រោយ របួសធ្ងន់២នាក់

បន្ទាយមានជ័យ៖បុរសជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូចំនួន២នាក់ ជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តទំនើបចំពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី២១ ខែធ្នូ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ បុរស២នាក់ជាបុគ្គលិកកាស៊ីណូ“គ្រេនដាយអឹមិនស៊ីធី” ជិះម៉ូតូម៉ាកស្គូពី ឌុបគ្នាចេញពីធ្វើការ។មកដល់កន្លែងខាងលើ ចរាចរណ៍បានកកស្ទះ រថយន្តនៅខាងមុខបន្ថយល្បឿន ត្រូវម៉ូតូបើកបុកចំពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួស ធ្ងន់ទាំង២នាក់។

ប្រភពដដែលបានបន្តថា ជនរងគ្រោះចេញពីធ្វើការ ហើយជួបជុំគ្នាផឹកស្រាបន្តិចបន្តួច ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះវិញក៏បុករថយន្តម៉ាកFORTUNER ផ្លាកលេខសៀមរាប2D-7272 តែម្តង។ក្រោយមកកម្លាំងនគរបាលចរាចរណ៍ចេញរថយន្តជួយដឹកអ្នករបួសទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរង់ចាំគូភាគីចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ