ព័ត៌មានជាតិ

ឆ្កែចចកចាប់ផ្តើមបង្ហាញវត្តមានច្រើនឡើងវិញនៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា

ភ្នំពេញ៖ក្នុងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមសត្វឆ្កែចចក ដែលជាសត្វកម្រ ធ្លាប់មានវត្តមានច្រើននៅកម្ពុជា ហើយបានបាត់ខ្លួនស្ទើរទាំងស្រុងនោះ ពេលនេះកំពុងបង្ហាញខ្លួនបន្តបន្ទាប់នៅតាមដែនជម្រកសត្វព្រៃនៅកម្ពុជា។

បើតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបានធ្វើការបង្ហោះនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ”មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅភូមិភាគឦសានបានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងការនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ”។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានបញ្ជាក់ប្រាប់ដែរថា៖”ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឲ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឲ្យសត្វព្រៃងាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ផងដែរ។រូបភាពនេះជារូបឆ្កែចចកនៅក្នុងដែន ជម្រកសត្វព្រៃកម្ពុជា។

*ភិនភាគ៖ ឆ្កែចចកមានរូបរាងស្រដៀងនឹងឆ្កែស្រុកដែរ ប៉ុន្តែតូចជាងឆ្កែព្រៃ ហើយលក្ខណៈពណ៌មានលាយឡំជាមួយប្រផេះនិងត្នោត។ចុងកន្ទុយមានលក្ខណៈសំពោង ភ្ជាប់ជាមួយរោមពណ៌ក្រមៅ។ វាមានកន្ទុយត្រង់ មិនខ្វៀនដូចកន្ទុយឆ្កែស្រុកទេ។

*ជីវសាស្ត្រ៖ វាចូលចិត្តរស់នៅព្រៃរបោះវាលស្មៅ និងព្រៃពាក់កណ្តាលស្រោង។ជាទូទៅ សត្វឈ្មោលមានតួនាទីជាអ្នកមើលថែរក្សាកូនតូចៗច្រើនជាងសត្វញី។វាភាគច្រើនរកស៊ីនៅពេលយប់ ពួកវាតែងតែបញ្ចេញសំឡេងលូនៅពេលយប់ងងឹត និងនៅពេលព្រឹកព្រលឹមស្រាងៗ ហើយគេបានប្រទះផងដែរពីវត្តមានសត្វនេះនៅពេលថ្ងៃ។ជាទូទៅ វាតែងតែដើរតែឯកឯង ពេលខ្លះជាក្រុមតូច ឬ ជាគូជាមួយនឹងកូនផងដែរ។ ចំណីអាហាររបស់ឆ្កែចចកមានដូចជា៖ រុក្ខជាតិ ពពួកឈ្លូស ប្រើស រមាំង សត្វស្លាប ល្មូនពពួកជលថនិកសត្វ ព្រមទាំងខ្មោចសត្វស្អុយរលួយ និងចំណីដែលបន្សល់ទុកពីសត្វដទៃ។ វាបង្កាត់ពូជជារៀងរាល់ឆ្នាំ ជាទូទៅមានកូនពី៤-៥ក្បាល បន្ទាប់ពីពពោះរយៈពេលពីរខែ។ សត្វឈ្មោលនិងញីមានភារកិច្ចស្វែងរកចំណីឲ្យកូន។សត្វប្រភេទនេះអាចមានជីវិតរស់នៅរហូតដល់អាយុ១៦ឆ្នាំ។

*រប៉ាយរស់នៅ៖ ឆ្កែចចកមានវត្តមាននៅភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ គេ រកឃើញផងដែរនៅអាហ្វ្រិកខាងកើត និងខាងជើងប្រទេសប៉ាគីស្ថាន ប្រទេសឥណ្ឌា ភាគខាងត្បូង អឺរ៉ុប ប្រទេសភូមាភាគខាងជើង និងភាគខាងលិចនៃប្រទេសថៃ។

ស្ថានភាពអភិរក្ស៖ឆ្កែចចកជាស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរនិងបានចុះក្នុងបញ្ជីក្រហម IUCN (LC) ជាប្រភេទរងគ្រោះថ្នាក់តិចតួច។

ឆ្កែចចកកំពុងរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ជម្រកដែលធ្លាប់តែរកចំណី និងរស់នៅ៕

ដោយ៖ឧត្តម