ព័ត៌មានជាតិ

ផ្លូវបេតុងដែលរងការខូចខាតពីទឹកជំនន់នឹងជួសជុលឡើងវិញនៅខែមេសាឆ្នាំក្រោយ

កំពង់ចាម៖ ផ្លូវបេតុងចម្ងាយជាង១៤ គីឡូម៉ែត្រ ជាប់មាត់ទន្លេតូច ស្ថិតក្នុងស្រុកកោះសូទិន ដែលរងការខូចខាតចំនួនបីកន្លែង ដោយទឹកជំនន់ទន្លេមេគង្គកន្លងមក គឺនឹងចាប់ផ្តើមជួសជុលឡើងវិញនៅក្នុងរង្វង់ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមលទ្ធផលចុះត្រួតពិនិត្យផ្លូវខូច ដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២១ ធ្នូនេះ។

លោកអភិបាលខេត្តកំពង់ចាម អមដំណើរដោយលោក យិន វណ្ណៈ ជាអភិបាលស្រុកកោះសូទិន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានលើកដៃសំពះតបទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានមកឈរទទួលស្វាគមន៍យ៉ាងត្រៀបត្រា នៅចំទីតាំងផ្លូវបេតុងខូចចម្ងាយប្រមាណជាង ១០០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកចង្រ្កាន ឃុំល្វេ ស្រុកកោះសូទិនថាៈ សូមបងប្អូនរង់ចាំបន្តិច ខាងក្រុមហ៊ុនសាងសង់ផ្លូវនឹងរៀបចំជួសជុលផ្លូវដែលរងការខូចខាតបានល្អឡើងវិញ នៅខែបួន( ខែមេសា) ឆ្នាំក្រោយឆាប់ៗនេះហើយ។

ជាមួយនោះលោក យិន វណ្ណៈ អភិបាលស្រុកកោះសូទិនបានរំលឹកឱ្យដឹងថាៈ ផ្លូវបេតុងមួយខ្សែនេះមានចម្ងាយសរុបជាង ១៤ គីឡូម៉ែត្រ ឆ្លងកាត់ឃុំពាមប្រធ្នោះនិងឃុំល្វេ ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អនុវត្តគម្រោងសាងសង់ដោយខាងក្រសួង​អភិវឌ្ឍន៍ជនបទ។ ដោយបានសាងសង់រួចរាល់ស្ថាពរក្នុងកំឡុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

លោកអភិបាលស្រុកកោះសូទិនបានបន្តថាៈ ប្រមាណបួនខែក្រោយពីការស្ថាបនា ពោលគឺ ក្នុងចន្លោះខែតុលា ឆ្នាំនេះ ទឹកជំនន់ទន្លេមេគង្គនិងជំនន់ទឹកភ្លៀងបានបង្កឱ្យបាក់ស្រុតច្រាំងទន្លេតូច បណ្តាលឱ្យប៉ះពាល់ដល់ផ្លូវបេតុងជាប់មាត់ច្រាំងទន្លេនេះបាក់ស្រុតចំនួនបីកន្លែង គឺក្នុងឃុំល្វេចំនួនពីរកន្លែង និងឃុំពាមប្រធ្នោះចំនួនមួយកន្លែង។ ប៉ុន្តែមិនអនុញ្ញាតឱ្យរថយន្តធុនធំឆ្លងកាត់បានទេ៕

ដោយ៖ គង់ហេង