សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ខេត្តតាកែវ និង​កំពង់ចាម ទទួលបាន​គម្រោង​វិនិយោគ​ជាង​២០​លាន​ដុល្លារ​

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ ខេត្តតាកែវ និង កំពង់ចាម បានទទួល​គម្រោង​វិនិយោគ​ចំនួន​៤​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ផលិត​ស្បែក ជើង ផលិត​ឆត្រ អាវ​ភ្លៀង ថង់​យួរដៃ ស្រោមដៃ និង​កន្សែងពោះគោ ដែលមាន​ទុន​ជាង​២០​លាន​ដុល្លារ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
១-“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅលើ​ក្បាលដី​លេខ​៨៦៥ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៣៥៨​កន្លែង​។​

២-“AW CASHMERE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.១១៧​កន្លែង​។​

៣-“SUPERCAN (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ ភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ​៥,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៦៤​កន្លែង​។​

៤-“XN FU INDUSTRIAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ឆត្រ អាវ​ភ្លៀង ថង់​យួរដៃ ស្រោមដៃ និង​កន្សែងពោះគោ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៧ ភូមិ​តាំងគោក ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៤១​កន្លែង​៕ដោយៈសិរីមតី