ព័ត៌មានជាតិ

ជប៉ុននឹងបន្តជួយកម្ពុជាលើកិច្ចការពារសម្បត្តិបេតិកភណ្ឌរយៈពេល១០ឆ្នាំទៀត

សៀមរាប៖ ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យារបស់ជប៉ុន ដែលកំពុងធ្វើការជួយជួសជុលប្រាសាទ បុរាណខ្មែរនៅក្នុងខេត្តសៀមរាបបានបង្ហាញជំហរថា បើទោះបីជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាល ជប៉ុននឹងបន្តជួយដល់កម្ពុជាលើកិច្ចការពារសម្បត្តិបេតិកភណ្ឌរយៈពេល១០ឆ្នាំខាងមុខទៀត។

ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហប្រធាននៃកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(ICC-Angkor/សំបូរព្រៃគុក លោក MIKAMI Masahiro មានប្រសាសន៍នៅក្នុងសន្និសីទកាសែត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះថា៖ បច្ចុប្បន្នបើទោះបីជាស្ថាប័នខ្មែរ មានអ្នកជំនាញបុរាណវិទ្យាជាច្រើន មានសមត្ថភាពអាចធ្វើការទាក់ទងនឹងកិច្ចអភិរក្សប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌ ដោយខ្លួនឯងបានក៏ដោយ ក៏ពេលនេះជប៉ុនមិនអាចលែងដៃឱ្យកម្ពុជាធ្វើការងារទាំងនេះ តែម្នាក់ឯងបានទេ គឺជប៉ុននៅតែជួយកម្ពុជាលើជំនាញបុរាណវិទ្យា ហើយសង្ឃឹមថាកម្ពុជានឹងមាន សមត្ថភាពជួសជុលនិងអភិរក្សប្រាសាទបុរាណដោយខ្លួនឯងយ៉ាងពេញលេញនៅពេលខាងមុខ។

លោក Mikami Masahiro មានសង្ឃឹមថា កិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលជប៉ុន នឹងជួយដល់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។

ចាប់តាំងពីឆ្នាំ១៩៩៤មក រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបប្រមាណជិត៣០លានដុល្លារ អាម៉េរិកសម្រាប់ការ អនុវត្តគម្រោងជួសជុលប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលគម្រោងអភិរក្សទាំងនោះ រួមមានការជួសជុល បណ្ណាល័យខាងជើងនៃប្រាសាទបាយ័ន ដំណាក់កាលទី១នៃការជួសជុលបណ្ណាល័យភាគខាងត្បូង ប្រាសាទបាយ័ន ដំណាក់កាលទី៤ នៃការកែលម្អ ការអភិរក្សនិងស្តារឡើងវិញអគារ ៥៥និង៥៧ ដែលជាផ្នែកមួយនៃការកែលំអទេសភាពប្រាសាទបាយ័នខាងកើត ដំណាក់កាលទី៥ នៃការកែលំអ ការអភិរក្ស និងការស្តារឡើងវិញនូវប្រាង្គ៦៩ និងថែវ៧០ ជាផ្នែកនៃទេសភាពការ កែលំអផ្នែកខាងមុខនៃប្រាសាទបាយ័ន ដំណាក់កាលទី១ នៃការអភិរក្សនិងការស្ដារឡើងវិញ ភាគខាងជើង របស់បណ្ណាល័យ ក្នុងបរិវេណខាងក្រៅបំផុតនៃប្រាសាទអង្គរវត្ត និងប្រាសាទសួព្រ័ត្រ ជាដើម។

លើសពីនេះ រាជរដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗ បានសម្រេចចិត្តផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែម ចំនួន៥២០.៨៤៧ ដុល្លារអាម៉េរិក ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិសមភាគីជប៉ុនប្រចាំបាយ័ន សម្រាប់លទ្ធកម្មយានយន្តនិងគ្រឿងចក្រធុនធ្ងន់សម្រាប់ការងារស្ថិរភាពនៃអគារកណ្តាលបាយ័ន។

ក្នុងរយៈពេល២៨ ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ(1994-2022) អង្គការយូណេស្កូបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារជប៉ុន-អប្សរាសម្រាប់ការការពារអង្គរ (JASA) រួមទាំងអ្នកជំនាញបច្ចេកទេសមកពី សាកលវិទ្យាល័យ Waseda ដឹកនាំដោយសាស្រ្តាចារ្យ Emeritus Dr.Takeshi Nakagawa និងអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលបន្ទុកការពារ និងអភិវឌ្ឍន៍សម្បត្តិ បេតិកភណ្ឌពិភពលោកអង្គរ។ ការងារបុរាណវិទ្យា ការជួសជុលនិងកិច្ចខិតខំប្រឹងប្រែង អភិរក្ស ប្រាសាទបាយ័នអង្គរធំ ត្រូវបានអង្គការយូណេស្កូ-ជប៉ុនFunds-in-Trust សម្រាប់កម្មវិធីរបស់ UNESCO ។

សហប្រធានអង្គការជប៉ុន-អប្សរា លោកបណ្ឌិតTakeshi Nagawa បានមានប្រសាសន៍នៅក្នុង កិច្ចសម្ភាសន៍ ជាមួយក្រុមអ្នកកាសែតថា រមណីយដ្ឋានអង្គរគឺជាតំបន់កណ្ដាលនៃការ ពង្រីកប្រាសាទធំៗនានា ដូចជាប្រាសាទព្រះវិហារ សំបូរព្រៃគុក និងប្រាសាទបន្ទាយឆ្មារជាដើម ដែលត្រូវស្រាវជ្រាវអំពីប្រាសាទនានាដើម្បីបានដឹងអំពីវប្បធម៌ខ្មែរ  ដូច្នេះហើយក្រុមរបស់លោក មានបំណងចង់បន្តអំពីប្រវត្តិសាស្ត្រក៏ដូចជាអរិយធម៌កម្ពុជា នៅតាមប្រាសាទធំ មិនមែនត្រឹមតែនៅប្រាសាទអង្គរ ឬក៏បាយ័នប៉ុណ្ណោះទេ។

លោក បណ្ឌិតTakeshi Nagawa មានប្រសាសន៍ទៀតថា រយៈពេល៣០ឆ្នាំមកនេះ លោកបានសហការជាមួយភាគីកម្ពុជា ហើយលោកបានដឹងថាមានអ្នកជំនាញរបស់ខ្មែរជាច្រើន មានបំណងខ្លាំងចង់ជួយជួសជុលប្រាសាទបុរាណ ជាច្រើនឱ្យល្អនិងគង់វង្សឡើងវិញ ក៏ប៉ុន្តែខ្ញុំមើលឃើញថាអ្នកជំនាញទាំងនោះនៅមានការខ្វះខាតចំណេះដឹងទូទៅនិងបច្ចេកវិទ្យាជាមូលដ្ឋាន ចំណុចនេះដើម្បីដោះស្រាយប្រព័ន្ធអប់រំគឺវាត្រូវការប្រើរយៈពេលយូរ ប៉ុន្តែបើយើងបានធ្វើការ ជាមួយគ្នាក្នុងកិច្ចការជួសជុលប្រាសាទ គឺអ្នកជំនាញវ័យក្មេងរបស់ខ្មែរក៏នឹងអាចយល់ដឹងបាន ហេតុនេះក្រុមការងារជប៉ុននៅចង់បន្តការងារជាមួយអ្នកជំនាញខ្មែរទាំងនោះ។

នៅឆ្នាំ២០២៤ខាងមុខ គម្រោងការពារប្រាសាទបាយ័នរបស់ជប៉ុននឹងប្រារព្ធខួបលើកទី៣០ របស់ខ្លួនដែលជាការសំខាន់មួយ។ព្រឹត្តិការណ៍សំខាន់ៗដែលទទួលបានសាមសិបឆ្នាំកន្លងមក នៃគម្រោងការពារប្រាសាទបាយ័នដែលនឹងត្រូវបានសម្គាល់ដោយអង្គការនៃសន្និសីទអន្តរជាតិ និងបរិមាណវិទ្យាសាស្ត្រ ដោយមានការបោះពុម្ព និងតាំងពិព័រណ៍ប្រាសាទបាយ័ន ដើម្បីផ្សព្វផ្សាយសមិទ្ធផលដែលក្រុមការងារ JASA ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីប្រទេសជប៉ុន៕