សន្ដិសុខសង្គម

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រងការចោទប្រកាន់ដេញកាប់ប្រពន្ធ

មណ្ឌលគិរី៖ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានរងការចោទប្រកាន់ថាបានដេញកាប់​អតីតប្រពន្ធបន្ទាប់ពីលែងលះចែកទ្រព្យសម្បត្តិគ្នាមិនទាន់ដាច់ស្រេច។ហេតុការណ៍នេះកើតឡើង​នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍បទខេត្តមណ្ឌលគិរី បានរងការចោទប្រកាន់ថាបានយកកាំបិតដេញកាប់អតីតប្រពន្ធពេលយកអីវ៉ាន់ចូលស្នាក់នៅក្នុងផ្ទះដែលជាសម្បត្តិរួម បន្ទាប់ពីពួកគាត់បានលែងលះគ្នា តែមិនទាន់បែងចែកទ្រព្យរួមនៅឡើយ។

អ្នកស្រី ហែម រុន អតីតប្រពន្ធបានអះអាងថា គាត់សុំស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះផ្ទះនេះក៏មានចំណែករបស់គាត់ដែរពេលរស់នៅជាប្តីប្រពន្ធ ដោយរង់ចាំតុលាការ​សម្រេចបែងចែកឱ្យបានច្បាស់លាស់។ស្រ្តីដដែលបានបន្តថា គ្រាន់តែយកអីវ៉ាន់ចូលក្នុងផ្ទះនេះភ្លាម អតីតប្តីគាត់ លោក យន់ សារោម បានយកកាំបិតដេញកាប់គាត់និងបងប្អូនរត់ចែកជើងគ្នា។

ភាពចម្រូងចម្រាសក្នុងគ្រួសារនោះ សារព័ត៌មានCambodia Flash News មិនអាចសុំការបំភ្លឺពីលោក យន់ សារោម បាននៅឡើយទេ។ករណីនេះនឹងផ្សាយជូនបន្តនាពេលក្រោយទៀតបន្ទាប់ពីមានការបញ្ជាក់​មូលហេតុ​ច្បាស់លាស់ពីសាមីចុងចោទ៕ដោយ៖វិចិត្រ