សន្ដិសុខសង្គម

ប្តីប្រពន្ធឈ្លោះគ្នា ខាងប្រុសចិត្តខ្លាំង ដុតផ្ទះឆេះខ្ទេច រួចរត់គេចខ្លួនបាត់

មណ្ឌលគិរី៖ប្តីប្រពន្ធបង្កពីមានទំនាស់ពាក្យសម្តីតិចតួចឈានដល់ឈ្លោះប្រកែកគ្នាបែកផ្សែងខាងប្រុសចិត្តខ្លាំង ក៏ដុតផ្ទះខ្លួនឯងឆេះទាំងទ្រព្យសម្បត្តិខ្ទេចអស់ រួចរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ នៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានអគ្គិភ័យឆេះផ្ទះអស់មួយខ្នងទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី។ម្ចាស់ផ្ទះឈ្មោះជិន ថា អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ មុំលក្ខិណា អាយុ ៣៥ ឆ្នាំ។

ជនបង្កជាម្ចាស់ផ្ទះឈ្មោះ ជិន ថា បានទាស់ពាក្យសម្ដីជាមួយប្រពន្ធ រហូតឈានដល់ដុតផ្ទះខ្លួនឯង​ចោល បណ្តាលឱ្យឆេះអស់ទាំងស្រុង រួមនឹងទ្រព្យសម្បត្តិជាច្រើន ហើយរត់គេចខ្លួនបាត់។សម្ភារដែលខូចខាតមាន-ផ្ទះមួយខ្នង,លុយខ្មែរចំនួន៥លានរៀល,មាស៨ជី, ម៉ូតូ១គ្រឿង,គ្រែដេកចំនួន២, តុ១, ទូទឹកកក២គ្រឿង, សម្ភារប្រើប្រាស់ក្នុងផ្ទះនិងអីវ៉ាន់ចាប់ហួយមួយចំនួនធំ។

ពេលភ្លើងកំពុងឆាបឆេះ កម្លាំងនគរបាលប៉ុស្តិ៍និងនគរបាលស្រុកចុះជួយអន្តរាគមន៍ ដោយបានចេញរថយន្តបាញ់ទឹក១គ្រឿងនិងប្រើទឹកអស់ចំនួន២រថយន្តទើបភ្លើងរលត់។ក្រោយកើតហេតុ សមត្ថកិច្ចបានតាមចាប់ជនបង្កយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ