ព័ត៌មានជាតិ

ជប៉ុនសន្យានឹងបង្កើនការរួមចំណែកចំពោះសកម្មភាព ICC-Angkor

សៀមរាប៖ ប្រទេសជប៉ុនបានសំដែងការគាំទ្រយ៉ាងពេញទំហឹងឆ្លើយតបទៅនឹងការពន្យារពេល របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(ICC-Angkor/Sambor Prei Kuk) របស់អង្គការ UNESCO ដែលសម្រេចបន្តអាណត្តិរបស់ខ្លួនសម្រាប់ រយៈពេល១០ឆ្នាំតទៅមុខទៀតនោះ។

អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងជាសហប្រធានជប៉ុន នៃកិច្ចប្រជុំបច្ចេកទេស លើកទី៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារនិង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(ICC-Angkor/Sambor Prei Kuk) លោកTaninai Ichitomo បានថ្លែងថា សេចក្តីប្រកាសថ្មីមួយត្រូវបានគេរំពឹងថានឹងអនុម័តនៅឆ្នាំក្រោយដោយផ្អែកលើ សេចក្តីថ្លែងការណ៍អង្គរដែលបានអនុម័តរួចហើយកាលពីឆ្នាំ ២០១៣  ហើយយើងក៏ចង់ប្រើ សម័យប្រជុំនៅខែធ្នូនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីផ្តល់សន្ទុះសម្រាប់កិច្ចប្រជុំនៅឆ្នាំក្រោយ។

រាជរដ្ឋាភិបាលជប៉ុន សំដែងការគាំទ្រអាជ្ញាធរកម្ពុជាចំពោះការខិតខំប្រឹងប្រែងនិងការរួមចំណែក ជាបន្តបន្ទាប់ក្នុងការអភិរក្សនិងជួសជុលរមណីយដ្ឋានអង្គរនិងតំបន់ប្រាសាទសំបូរព្រៃគុក។រាជរដ្ឋាភិបាលជប៉ុនក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការរួមចំណែករបស់ក្រុមអ្នកជំនាញអាដហុក ដែលផ្អែកលើចំណេះដឹងនិងជំនាញឈានមុខគេ លើពិភពលោកដែលបានចូលរួមពិនិត្យ វាយតម្លៃនិងណែនាំរាល់ការអភិរក្ស ការជួសជុល និងការអភិវឌ្ឍប្រកបដោយចិរភាព តាមបូជនីយដ្ឋាននានា។

លោកTaninai Ichitomo បានថ្លែងទៀតថា វាគឺជាសមិទ្ធផលដ៏វិសេសវិសាលមួយ ដែលមនុស្ស ជាច្រើនមកពីបណ្តាប្រទេស ចូលរួមជាមួយICC ដោយកំពុងឆ្លងកាត់អស់រយៈពេល ៣០ឆ្នាំមកហើយ ដើម្បីនាំយើងទៅដល់ពេលនៃការថែរក្សាសមត្ថភាពកម្មសិទ្ធិរបស់កម្ពុជា។ICC-Angkor/Sambor Prei Kuk ឥឡូវនេះគឺជាគម្រោងបេតិកភណ្ឌវប្បធម៌ដ៏ជោគជ័យបំផុតមួយរបស់ពិភពលោក ទាក់ទងការ អភិរក្ស និងការថែទាំ ហើយលោកមានមោទនភាពដែលរាជរដ្ឋាភិបាលជប៉ុនបានចូលរួម នៅក្នុងការងារនេះ។

ប្រទេសជប៉ុននឹងបង្កើនការរួមចំណែករបស់ខ្លួនចំពោះសកម្មភាពICC លើទឹកប្រាក់ដល់ទៅជាង120,000 ដុល្លារដើម្បីឆ្លើយតបទៅនឹងការពន្យារពេល ICC-Angkor/Sambor Prei Kuk សម្រាប់រយៈពេល ១០ឆ្នាំទៀត ៕