អន្តរជាតិ

អាម៉េរិកកំពុងឈានទៅដាក់ទណ្ឌកម្ម មហាសេដ្ឋីមានកប់ក្តោងបំផុតរបស់រុស្ស៊ី

សហរដ្ឋអាម៉េរិកកំពុងរៀបចំដាក់ទណ្ឌកម្មមហាសេដ្ឋីមានកប់ក្តោងបំផុតរបស់រុស្ស៊ី  ខណៈជាទណ្ឌកម្ម​ចុងក្រោយចាប់តាំងពីមានការឈ្លានពានប្រទេសអ៊ុយក្រែន។

យោងតាមប្រភព The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលលោកចូបៃដិន កំពុងឈានទៅរកការដាក់ទណ្ឌកម្មលើលោក Vladimir Potaninហើយ ដែលជាបុរសដ៏មានស្តុកស្តម្ភ​បំផុតម្នាក់របស់រុស្ស៊ី ជួញជំនួញខាងរ៉ែលោហៈ និងចម្រាញ់រ៉ែនីកែលធំបំផុតមួយនៅក្នុងឧស្សាហកម្ម​ក្រោយសម័យសូវៀតដួលរលំឆ្នាំ ១៩៩០មក។ ទណ្ឌកម្មនេះនឹងធ្វើឡើងដើម្បីដាក់បន្ទុកបន្ថែមទៀត​ដល់រដ្ឋាភិបាលរុស្ស៊ី ជុំវិញការលើកទ័ពទៅឈ្លានពានប្រទេសអ៊ុយក្រែន។ ហើយវានឹងកំណត់​សូម្បីតែគ្រួសារ និងភរិយារបស់ Potanin គឺ Ekaterina Potanina ព្រមទាំងកប៉ាល់ប្រណីតផងដែរ។

យ៉ាងណាមិញ ចំពោះក្រុមហ៊ុនដែលមហាសេដ្ឋីរូបនេះមានជាប់ពាក់ព័ន្ធដាក់ហ៊ុនជាមួយ ប្រភពខាងលើបានប្រាប់ថា នឹងមិនរងចំហាយទណ្ឌកម្មនោះទេ។ សូមជម្រាបថា លោក Potanin មានអាយុ ៦១ ឆ្នាំ គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្រុមហ៊ុនចម្រាញ់នីកែល MMC Norilsk Nickel PJSC (GMKN.MM) ឬ Nornickel ខណៈដៃគូម្ខាងទៀតកាន់កាប់តែ ៣៦ភាគរយប៉ុណ្ណោះ។ ចាប់តាំងពីមានការ​ឈ្លានពានលើអ៊ុយក្រែន សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មជាច្រើនលើកមកហើយ​លើទីក្រុងមូស្គូ ដោយបានបង្កកទុកលុយរាប់ពាន់លានដុល្លារ៕

ប្រភព៖ ​ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា