ព័ត៌មានជាតិ

សង្ឃ៣១អង្គមានជំងឺរមាស់ស្បែកធ្ងន់ធ្ងរ បានធូរស្បើយក្រោយព្យាបាល

បាត់ដំបង៖ព្រះសង្ឃគង់នៅក្នុងវត្តខ្នាចរមាស ខេត្តបាត់ដំបង មានជំងឺរមាស់សើស្បែកធ្ងន់ធ្ងរចំនួន​៣១អង្គនោះ មានភាពធូរស្បើយច្រើនហើយក្រោយព្យាបាលដោយក្រុមគ្រូពេទ្យ។

ព្រះសង្ឃដែលគ្រប់គ្រងវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានសង្ឃដីកាឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះថា សង្ឃក្នុងវត្តដែលចេញអាការរមាស់នៅលើស្បែកចំនួន៣១អង្គនោះ ជិតជាសះស្បើយស្ទើរតែទាំងអស់ហើយ។តែសង្ឃមួយអង្គដែលធ្ងន់ធ្ងរជាងគេគង់នៅរង់ចាំ​មើលលទ្ធផលនៃការធ្វើតេស្តសិន ហើយកំពុងនៅបន្ទប់ព្យាបាលដាក់ដោយឡែកនៅឡើយ។

សង្ឃដដែលបានបន្តថា ជំងឺរមាស់ដែលកើតលើព្រះសង្ឃនេះបានចាប់ផ្តើមឡើងតាំងពីដើមខែវិច្ឆិកាមក ដែលដំបូងព្រះសង្ឃភាគច្រើនបានចេញអាការនៅត្រង់ផ្ចិតនៃរាងកាយ។អង្គខ្លះទៀតចេញអាការ​តាមចន្លោះម្រាមដៃ ម្រាមជើង ឬជង្គង់ មុននឹងឆ្លងរាលដាលទៅកាន់អវយវ:ដទៃទៀត។

ទោះជាសង្ឃគ្រប់អង្គសភាពជំងឺបានធូរស្បើយជិតជាអស់ក្តី ប៉ុន្តែនៅតែបន្តឆាន់ថ្នាំព្យាបាល​តាមវេជ្ជបញ្ជារបស់គ្រូពេទ្យនៅឡើយ។ក្រៅពីនេះ ព្រះសង្ឃដែលគង់ក្នុងវត្តទាំងអស់ត្រូវបាន​កំណត់ដោយផ្តោតយកចិត្តទុកដាក់ទៅលើអនាម័យជាចម្បងដើម្បីទប់ស្កាត់បញ្ហាជំងឺផ្សេងៗទៀត៕ដោយ៖ ព្រះអង្គខ្មៅ