បច្ចេកវិទ្យា

ភ្នាក់ងារណាសាអាម៉េរិកនឹងហោះស្ទង់ពីលើលំហ លើកដំបូងមើលស្ថានភាពទឹកលើពិភពលោក

ទីភ្នាក់ងារវិទ្យាសាស្រ្តណាសាអាម៉េរិកនៅក្នុងសប្តាហ៍នេះ នឹងធ្វើការហោះហើរទៅកាន់គន្លងទីលំហ ដើម្បីស្ទង់មើលពីស្ថានភាពទឹកនៅលើពិភពលោកលើកដំបូង។

យោងតាមការជូនដំណឹងដោយលោក Ben Hamlington ជាមេដឹកនាំក្រុមផ្លាស់ប្តូរកម្រិតទឹកសមុទ្ររបស់ NASA បានមានប្រសាសន៍ឲ្យដឹងថា រ៉ុក្កែត Falcon 9 ដែលជាកម្មសិទ្ធិ និងដំណើរការដោយក្រុមហ៊ុន​បាញ់បង្ហោះពាណិជ្ជកម្ម SpaceX មហាសេដ្ឋី Elon Musk គ្រោងនឹងហោះឡើងនៅមុនថ្ងៃរះនៅថ្ងៃ​ព្រហស្បតិ៍ទី ១៥ ខែធ្នូ ចេញពី មូលដ្ឋានទ័ពអវកាស Vandenberg ចម្ងាយប្រហែល ២៧៥ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Los Angeles ចូលទៅក្នុងគន្លងទីលំហ។ ប្រសិនបើបេសកកម្មប្រព្រឹត្តទៅតាម​ផែនការដោយរលូន ផ្កាយរណបនឹងទៅផលិតយកទិន្នន័យស្រាវជ្រាវក្នុងរយៈពេលជាច្រើនខែ។

បេសកកម្មនេះ ធ្វើឡើងបានដោយសារមានការចូលរួមចំណែកពីក្នុងការផលិតបច្ចេកវិទ្យាកម្រិតខ្ពស់​រយៈពេល ២០ ឆ្នាំ ស្គាល់ថាជា SWOT មានបំពាក់នូវរ៉ាដាមីក្រូវ៉េវកម្រិតខ្ពស់ អាចប្រមូលការវាស់វែង​កម្ពស់ផ្ទៃសមុទ្រនៃមហាសមុទ្រ បឹង អាងស្តុកទឹក និងទន្លេនៅទូទាំង ៩០ ភាគរយនៃភពផែនដី។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ទិន្នន័យដែលបានចងក្រងពីរ៉ាដា នឹងត្រូវបានត្រួតពិនិត្យ និងបោសសម្អាតចោលយ៉ាងហោចណាស់ពីរដងរៀងរាល់ ២១ថ្ងៃ ជួយពង្រឹងគំរូព័ត៌មានអំពី​រំហូរនៃមហាសមុទ្រ ជំរុញអាកាសធាតុ និងការព្យាករណ៍អាកាសធាតុកាន់តែឆុតច្បាស់ជាងមុន ជំនួយដល់ការគ្រប់គ្រងការផ្គត់ផ្គង់ទឹកសាបដែលខ្វះខាតនៅក្នុងតំបន់ដែលជួបគ្រោះរាំងស្ងួត។ ជាងនេះទៅទៀត គោលបំណងសំខាន់បំផុតនៃបេសកកម្មគឺដើម្បីវិភាគពីរបៀបដែលមហាសមុទ្រ​ស្រូបយកកម្ដៅបរិយាកាស និងកាបូនឌីអុកស៊ីតនៅក្នុងដំណើរការធម្មជាតិដែលសម្របសម្រួល​សីតុណ្ហភាពពិភពលោក និងការប្រែប្រួលអាកាសធាតុ ដែលទីភ្នាក់ងារមិនធ្លាប់ធ្វើពីមុនមក៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា