សន្ដិសុខសង្គម

បើករថយន្តបុកម៉ូតូបណ្តាលឱ្យអ្នកលក់ផ្លែឈើម្នាក់ស្លាប់មួយរំពេច

ភ្នំពេញ៖អ្នកបើករថយន្តបានបុកម៉ូតូបណ្តាលឱ្យបុរសលក់ផ្លែឈើម្នាក់ស្លាប់មួយរំពេចនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ។

នគរបាលគោលដៅបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឃាន ឡាយ អាយុ៣៨ឆ្នាំ មុខរបរលក់ផ្លែឈើ មានស្រុកកងមាស ខេត្តកំពង់ចាម។ មុនកើតហេតុមានបុរសម្នាក់បើក​រថយន្តម៉ាកស៊ីណា ផ្លាកលេខភ្នំពេញ2AT-8571ចេញពីម្តុំផ្សារថ្មីឆ្ពោះទៅក្បាលថ្នល់។មកដល់កន្លែងខាងលើក៏បុកម៉ូតូដែលដឹកផ្លែឈើលក់បណ្ដាលឱ្យខាងម៉ូតូស្លាប់ភ្លាម។

ពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលបឹងត្របែក រៀបចំសំណុំរឿងបញ្ជូនទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ