អន្តរជាតិ

ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកចូលទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអង្គារទីក្រុងតៃប៉ិបានរាយការណ៏ថា ប្រទេសចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករចំនួន ១៨ គ្រឿងដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ នៅត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើឲ្យយ៉ាប់យ៉ឺនលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។

តៃវ៉ាន់ដែលមានឈ្មោះថាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យបានរស់នៅក្រោមការគំរាមកំហែងនឹងការប៉ុនប៉ងឈ្លានពានដោយឥតស្រាកស្រានពីសំណាក់ប្រទេសចិន ដោយមើលឃើញថាកោះដែលមានការគ្រប់គ្រងដោយខ្លួនឯងមួយនេះគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយនឹងត្រូវរឹបអូសយកនៅថ្ងៃណាមួយឲ្យខាងតែបាន។

ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធមកលើតៃវ៉ាន់ទាំងផ្នែកយោធា ផ្នែកការទូត និងសេដ្ឋកិច្ចគិតតាំងពីមានការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីតៃវ៉ាន់នៅក្នុងឆ្នាំ ២០១៦ ដែលត្រូវបានទៅលើលោកស្រី Tsai Ing-wen លោកស្រីបានប្រកាសអំពីជំហររបស់ខ្លួនដោយបដិសេធថាកោះនេះជាផ្នែកមួយរបស់ចិន។

នៅក្នុងការធ្វើបច្ចប្បន្នភាពប្រចាំថ្ងៃនៅព្រឹកថ្ងៃអង្គារ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងចំនួន ២១ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៃភាគនិរតី (ADIZ) របស់កោះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក H-៦ ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរចំនួន ១៨ គ្រឿងផងដែ។

ទាំងនេះបានបង្ហាញឲ្យឃើញជាប្រចាំថ្ងៃអំពីកាហោះចេញចូលដ៏ធំសម្បើមជាមួយវត្តមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ H-៦ គិតចាប់តាំងពីទីក្រុងតៃប៉ិបានចាប់ផ្តើមចេញផ្សាយនូវទិន្នន័យស្តីអំពីការហោះចូលលុកលុយជាប្រចាំថ្ងៃគិតចាប់តាំងពីខែកញ្ញាឆ្នាំ ២០២០ នេះបើយោងតាមទិន្នន័យជាមូលដ្ឋានដែលបានចងក្រងដោយ AFP ។

កំសួលនៃភាពតានតឹងនេះបានកើតឡើងបន្ទាប់ពីប្រទេសចិនបានបិទបម្រាមនាំចូលជាថ្មីលើអាហារ ភេសជ្ជៈ និងគ្រឿងស្រវឹង ព្រមទាំងផលិតផលនេសាទរបស់តៃវ៉ាន់កាលពីសប្តាហ៍មុន ដែលជំរុញឲ្យនាយករដ្ឋមន្ត្រី Su Tseng-chang ចោទប្រកាន់ទីក្រុងប៉េកាំងពីបទបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ និង “មានការរើសអើង” ប្រឆាំងនឹងកោះមួយនេះ។

H-៦ គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយដ៏សំខាន់បំផុតរបស់របស់ប្រទេសចិន ហើយអាចផ្ទុកអាវុធនុយក្លេអ៊ែរផងដែ។

វាជាការកម្រណាស់សម្រាប់ប្រទេសចិនក្នុងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយះចម្ងាយឆ្ងាយ H-៦ លើសពីប្រាំគ្រឿងក្នុងមួយថ្ងៃ។ ប៉ុន្តែការហោះចូលលុកលុយបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

បើគិតចាប់តាំងពីខែតុលា ឆ្នាំ ២០២១ គឺជាខែដែលមានចំនួនជើងហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយH-៦ ច្រើនជាងគេក្នុងកំណត់ត្រាដែលមានរហូតដល់ទៅ ១៦ គ្រឿង រហូតមកដល់ពេលថ្មីៗនេះ។

ប៉ុន្តែកាលពីខែមុន ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ២១ គ្រឿងទៅកាន់តំបន់ ADIZ របស់តៃវ៉ាន់។ ហើយចំនួនសរុបសម្រាប់ខែធ្នូគឺមានដល់ទៅ ២៣ គ្រឿង ។

ប្រទេសជាច្រើនបានការការពារតំបន់កំណត់អត្តសញ្ញាណដើម្បីការពារដែនអាកាសរបស់ខ្លួន (ADIZ) រួមទាំងសហរដ្ឋអាម៉េរិក កាណាដា កូរ៉េខាងត្បូង ជប៉ុន និងចិន។វាមិនដូចគ្នាទៅនឹងដែនអាកាសរបស់ប្រទេសមួយនេះទេ

ផ្ទុយទៅវិញ តំបន់កំណត់អត្តសញ្ញាណដើម្បីការពារដែនអាកាសវាគ្របដណ្តប់លើតំបន់ធំទូលាយជាងនេះ ដែលយន្តហោះបរទេសត្រូវបានកំណត់ឲ្យប្រកាសអត្តសញ្ញាណរបស់ខ្លួនដល់អាជ្ញាធរអាកាសចរណ៍ក្នុងស្រុក។

តបន់ADIZ របស់តៃវ៉ាន់មានទំហំធំជាងដែនអាកាសរបស់ប្រទេស គឺវាត្រួតស៊ីគ្នាលើផ្នែកADIZ របស់ចិន ហើយថែមទាំងរួមបញ្ចូលដីគោកមួយចំនួនទៀតផងដែរ៕

ប្រភព បាងកកប៉ុស្តិ៍