សន្ដិសុខសង្គម

ម៉ូតូបុកម៉ូតូបណ្តាលឱ្យបុគ្គលិកឥណទានម្នាក់ស្លាប់ ស្រ្តី២នាក់រងរបួសធ្ងន់

ពោធិ៍សាត់៖គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យបុគ្គលិកឥណទានម្នាក់ស្លាប់ និងស្រ្តី២នាក់រងរបួសធ្ងន់។

មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅត្រង់ផ្លូវកោង ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី១១ ខែធ្នូ។

មុនកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខពោធិ៍សាត់ 1F-9472 ពីត្បូងទៅជើង។មកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខពោធិ៍សាត់1I-7597 បញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនិងភាគីម្ខាងទៀតស្រ្តី២នាក់រងរបួសធ្ងន់។មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូទាំង២គ្រឿងមិនប្រកាន់ស្តាំរៀងខ្លួន។

បុរសដែលស្លាប់ឈ្មោះ វ៉ាន វណ្ណៈ អាយុ ៣២ឆ្នាំ ជាបុគ្គលិកឥណទាន នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ស្ត្រីរងរបួសឈ្មោះ វង់ គន្ធា អាយុ៤២ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ វង់ នួន អាយុ៤១ឆ្នាំ រងរបួសធ្ងន់ ទាំង២នាក់នៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់៕ដោយ៖វិចិត្រ