អន្តរជាតិ

ពូទីនថាប្រទេសណាដែលហ៊ានប្រើនុយក្លេអ៊ែរដាក់រុស្ស៊ី  នោះនឹងត្រូវបាត់ចេញពីផែនដីមិនខាន

ប្រធានាធិបតី ពូទីន បានព្រមានយ៉ាងច្បាស់ៗថា ប្រទេសណាក៏ដោយឲ្យតែហ៊ានប្រើ​នុយក្លេអ៊ែរដាក់រុស្ស៊ី ប្រទេសនោះនឹងត្រូវបាត់ចេញពីផ្ទៃផែនដីមិនខាន។

ថ្លែងក្នុងសន្និសីទទីក្រុង Kyrgyz ថ្ងៃទី៩ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំសេដ្ឋកិច្ចជាមួយសម្ព័ន្ធមិត្ត ពូទីនបានបញ្ចេញការព្រមានដ៏គួរឲ្យញញើតគួរឲ្យកត់សម្គាល់ថា ប្រទេសរបស់លោកមិនមានច្បាប់ដើម្បីចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរមុនដូចសហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែប្រទេសលោកមានអាវុធដែលមានល្បឿនលឿនជាងសំឡេងខ្លាំងបំផុតធានាថា​នឹងឆ្លើយតបដោយកម្លាំង ប្រសិនបើវាត្រូវបានវាយប្រហារ។ “ប្រទេសណាដែលហ៊ានវាយប្រហារ​រុស្ស៊ីដោយអាវុធនុយក្លេអ៊ែរ នឹងត្រូវលុបចោលពីផែនដីដោយអាវុធលឿនជាងសំឡេងរបស់រុស្ស៊ី”។

ថ្លែងបន្ត លោកពូទីនបានអំពាវនាវសុំរកកិច្ចចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដោយ  អាកប្បកិរិយាម៉ឺងម៉ាត់បំផុត។ លោកពូទីនបាននិយាយថា រុស្ស៊ីចង់ស្វែងរកដំណោះស្រាយដោយ​សន្តិវិធីណាស់នៅអ៊ុយក្រែន ប៉ុន្តែត្រូវបានក្បត់ដោយការបំបែកកិច្ចព្រមព្រៀងទីក្រុង Minsk ។ ប្រមុខវិមានក្រឹមឡាំងបាននិយាយថា ការបំបែកនេះ ធ្វើឡើងដោយអាល្លឺម៉ង់ និងបារាំង ខណៈឥឡូវនេះពួកគេកំពុងអនុវត្តការបញ្ជូនអាវុធឲ្យអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានវាយបកវិញថា ការលើកឡើងរបស់ពូទីន គឺមិនត្រឹមត្រូវទេ។ កិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវបានបង្កើត​ឡើង​ក្នុងគោលបំណងដើម្បី «ផ្តល់ពេលវេលាដល់អ៊ុយក្រែន»ដើម្បីកសាង ការការពាររបស់ខ្លួន​ចំពោះមុខការឈ្លានពានរបស់រុស្ស៊ីទេតើ៕

ប្រភព៖ ​  DailyMail

ប្រភពរូប៖DailyMail
ប្រែសម្រួល៖សុខ តុលា